រាជធានី​ភ្នំពេញ​៖​មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣១៥​កែង​ និង​ផ្លូវ​៥១៦​ ជាប់​ និង​ផ្សារ​ធី​ខេ​ ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ដោយ​មាន​ស្ត្រី​អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់​ បាន​ឈឺពោះ​សម្រាល​កូនស្រី​នៅ​តាម​ដងផ្លូវ​ ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ឃើញ​ជួយ​ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល​ម៉ែ​ត​។​​តាម​ការ​ឲ្យ​ដឹង​ពី​សន្តិសុខ​ម្នាក់​ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​បាន​សម្រាលកូន​នៅ​តាម​ដងផ្លូវ​នោះ​ មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ គ្រាន់តែ​ដឹង​ថា​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​ ហើយ​មុន​កើតហេតុ​រូប​គាត់​បានឃើញ​ស្ត្រី​ខាងលើ​នេះ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ តាម​បណ្តោយ​ផ្លូវ​៥១៦​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ មក​ឈប់​អង្គុយ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ហើយ​បាន​ត្អូញត្អែរ​ថា​ រូប​គាត់​ឈឺពោះ​ណាស់​ ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឃើញ​ហេតុការណ៍​ក៏​បាន​នាំ​មក​ជួ​យសង្គ្រោះ​ជាបឋម​សិន​ រួច​បាន​សម្រាល​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ផង​ដែរ​។បន្ទាប់​មក​រង់ចាំ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​ទៀត​ ។​

​តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​កោតសរសើរ​នោះ​ គឺ​មាន​នារី​វ័យក្មេង​រូប​ស្រស់​ដូច​តារា​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ ៣៣០​មួយ​គ្រឿង​ មក​ឈប់​ជួយ​សង្គ្រោះ​ដោយ​មិន​ខ្លាច​ និង​រអើម​នោះ​ទេ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មហាជន​ជា​ច្រើន​ដែល​បាន​មក​ឈប់​មើល​មានការ​កោតសរសើរ​ទៅ​លើ​នារី​វ័យ​រូប​ស្រស់​នោះ​ផង​ដែរ​។បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​រថយន្ត​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ និង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិក​រស្មី​បាន​មក​ជួយ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​បន្ត​ ដោយ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​រស្មី​មិន​មាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់​៕ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ