អ្នកណាទៅស្មានដល់ថាជីវិតរបស់តារាចម្រៀងថៃដ៏ល្បី លោក Boy Peacemaker និងតារាសម្តែង Jeab Pijittra បែរជាជួបរឿងលំបាកលំបិនមិននឹកស្មានដល់បែបនេះ? គួរបញ្ជាក់ផងដែរថាតារាថៃល្បីទាំង២រូបនេះ ទាក់ទងគ្នាជាង១០ឆ្នាំមកហើយគិតមកទល់សព្វថ្ងៃនេះ។ ពួកគេមានគម្រោងរៀបការតាំងពីឆ្នាំ២០១៣ មកម្ល៉េះ តែដោយអកុសលមើលមិនឃើញ ឆ្នាំនោះបែរជាឆ្នាំដែលអ្នកទាំងពីរត្រូវមកជួបទុក្ខលំបាកវេទនាទៅវិញ ដោយសារតែហាងលក់ទំនិញរបស់ពួកគេត្រូវបានភ្លើងឆេះ ធ្វើឲ្យពួកគេធ្លាក់ខ្លួនជំពាក់លុយគេ និងបាត់បង់ទ្រព្យសម្បត្តិអស់សរុបជាង៥០លានបាត។

ដោយតារាមួយគូនេះបានរៀបរាប់ទាំងទឹកភ្នែកអំពីបញ្ហាដែលពួកគេបានជួបប្រទះនៅក្នុងកម្មវិធី Club Friday Show របស់ប្រទេសថៃថា «ពួកគេទាំង២មានគម្រាងរៀបការតាំងពីឆ្នាំ២០១៣មកម្ល៉េះ បើគិតមកដល់ពេលនេះវាប្រហែលជា៦ឆ្នាំទៅហើយ តែដោយសារហាងលក់ទំនិញរបស់ពួកគេត្រូវភ្លើងឆាបឆេះ ទើបធ្វើឲ្យពួកគេធ្លាក់ខ្លួន ហើយគម្រោងរៀបការត្រូវរំសាយចោល»។ លោក Boy Peacemaker បានបន្តថា «អ្នកនាង Jeab Pijittra បាននាំលោកទៅជួបម្តាយរបស់នាង តែម្តាយរបស់នាងមិនយល់ព្រមឲ្យអ្នកទាំងពីរទាក់ទងគ្នាឡើយ ហើយពេលនោះទៀតសោតក៏មានតែបុរសអ្នកមានទ្រព្យសម្បត្តិ តាមសុំស្រលាញ់អ្នកនាង Jeab។ ក្រោយពេលដែលហេតុការណ៍ភ្លើងឆេះកើតឡើង Jeab យំជារៀងរាល់ថ្ងៃ ដោយជីវិតអ្នកទាំង២មិនដឹងទៅខាងណាល្អនោះទេ ចំណែកឯលោក Boy វិញក៏ធ្វើការរហូតគ្មានពេលសម្រាកនោះដែរ។» គ្រានោះ លោកបានលក់ផ្ទះ ចិញ្ចៀនដែលត្រៀមរៀបការ និងឡាន ព្រមទាំងទ្រព្យសម្បត្តិដែលលោកមាន ព្រោះតែលោកត្រូវការប្រាក់ដើម្បីដោះបំណុលប្រហែលជាង៤៦លានបាត។ ក្រៅពីបំណុលទាំងនោះលោកក៏បានបញ្ជាក់ថា ពេលខ្លះគ្មានប្រាក់បង់ថ្លៃទឹក ភ្លើង និងថ្លៃផ្ទះជួលឲ្យគេនោះទេ។ គិតមកទល់ពេលនេះបំណុលដែលត្រូវសងនៅសល់មិនដល់២ឆ្នាំទេ។ សព្វថ្ងៃលោកពាក់ខោអាវតម្លៃត្រឹម១០០បាត ញ៉ាំបាយតាមចញ្ចើមផ្លូវ មិនដែលបានធ្វើដំណើរកម្សាន្តទៅទីណាឡើយ ដោយឧបសគ្គដែលលោកជួបនេះគឺជាការពិសោធន៍ឲ្យដឹងថាពួកគេបានឆ្លងកាត់វេលាលំបាកជាមួយគ្នា មិនមែនឆ្លងកាត់តែក្តីរីករាយតែម្យ៉ាងនោះទេ៕

ប្រភព៖ Thairath

អត្ថបទ៖ មេសា