កាលពីព្រឹកមិញនេះ ផលិតកម្មយក្សរបស់កូរ៉េ SM Entertainment បានប្រកាសលុបចោលសន្និសិទ្ធកាសែតនៅឯសាធារណរដ្ឋឈីលី ព្រោះតែបារម្ភពីសុវត្ថិភាពរបស់តារាចម្រៀងរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងក្រោយពីមានអ្នកគាំទ្រជាច្រើនអ្ន​កមិនព្រមចាកចេញពីជាន់ទីមួយដែលជាជាន់សម្រាប់តែអ្នកកាសែត និងបុគ្គលពាក់ព័ន្ធនិងសន្និសិទ្ធនេះប៉ុណ្ណោះ ចំណែកឯអ្នកគាំទ្រពួកគាត់អាចទស្សនានៅជាន់ទី២ ឬជាន់ទី៣បាន។ ទោះបីជាខាងក្រុមសន្តិសុខការពារបានធ្វើការបណ្តេញពួកគេចេញជាច្រើនដង និងបានព្រមានពួកគេជាពិសេសទាក់ទងនិងសុវត្ថិភាពរបស់តារាចម្រៀងរបស់ផលិតកម្ម SM Entertainment ដែលត្រូវសម្តែងលើឆាក SMTOWN LIVE Special Stage នៅឯ Santiago សាធារណរដ្ឋឈីលី យ៉ាងណាក្តីក៏ក្រុមអ្នកគាំទ្រទាំងនោះមិនព្រមចាកចេញពីទីនោះជាដាច់ខាត។ ក្រោយពីមិនអាចទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពក្រុមអ្នកគាំទ្រទាំងនោះ អ្នកគ្រប់គ្រងនៃក្រុមហ៊ុន Noix Entertainment ដែលជាក្រុមហ៊ុនសហការណ៍រៀបចំសន្និសិទ្ធកាសែតនេះបានចេញមកប្រកាសលុបចោលភ្លាមៗតែម្តង ដែលជាហេតុបណ្តាលឲ្យអ្នកគាំទ្រមួយចំនួនមានការខឹងច្រឡោត និងបង្ហាញការមិនពេញចិត្តចំពោះអត្តចរិតរបស់ក្រុមហ្វេនដែលនៅជាន់ខាងក្រោម ដោយពួកគេបានធ្វើការរង់ចាំនៅឯជាន់សម្រាប់ហ្វេនអស់រយៈពេល៣ម៉ោង ដើម្បីបានទស្សនាតារាដែលពួកគេគាំទ្រដោយផ្ទាល់ តែចុងបញ្ចប់វាក៏ត្រូវបានលុបចោលទៅវិញ។ យ៉ាងណាមិញក្រុមហ៊ុន SM Entertainment មិនមានការបកស្រាយអ្វីច្រើននោះទេ ពួកគេគ្រាន់តែនិយាយថាពួកគេបារម្ភពីសុវត្ថិភាពរបស់ក្រុមតារាចម្រៀងរបស់ពួកគេ ដែលត្រូវហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រដែលមិនព្រមស្តាប់បទបញ្ជានៃការរៀបចំតែប៉ុណ្ណោះ។ ប្រភព៖ Koreaboo អត្ថបទ៖ មេសា