ស្ពានឬស្សីឆ្លងទៅកោះប៉ែនកំពុងរងការគម្រាមកំហែង ព្រោះតែទឹកឡើងខ្លាំងខុសរដូវ
សង្គម January 22, 2019 SAM

ធ្លាប់តែឮគេនិយាយថា ស្វាយខុសរដូវ តែឥឡូវនេះបែជាមានទឹកឡើងខុសរដូវទៅវិញ។ រឿងហេតុទឹកឡើងខ្លាំងខុសខែនេះបានកើតឡើងនៅឯខេត្តកំពង់ចាម ដែលបានធ្វើអោយស្ពានឬស្សី ឬប្រដឹសឆ្លងទៅកោះប៉ែនលិចទឹកជាដំណំ។ តាមប្រភពរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា លោកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យស្ពានឬស្សីកោះប៉ែន ដែលកំពុងរងការគំរាមកំហែងដោយសារការកើនឡើង នៃទឹកទន្លេមេគង្គ ដែលបណ្ដាលមកពីនៅភាគខាងលិចប្រទេសចិនទទួលរងគ្រោះដោយទឹកភ្លៀងទើបបណ្ដាលឲ្យចរន្តទឹកទន្លេមេគង្គ មានការកើនឡើងគួរអោយកត់សម្គាល់ចាប់តាំងពីថ្ងៃមិ្សលមិញទី២១ ខែមករា ឆ្នាំ២០១៩។ ការកើនឡើងនៃទឹកទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានអោយដឹងថាមានរយៈពេលប្រមាណជាមួយសប្តាហ៍ នឹងអាចស្រកទៅវិញ។

យ៉ាងណាមិញ ឯក ឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា ការជួសជុលស្ពានឬស្សី ឬប្រដឹសឡើងវិញនៅតែបន្ត ដើម្បីឲ្យទាន់ពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តកំពង់ចាម និងធ្វើដំណើរឆ្លងកាត់ទៅលេងឆ្នេរកោះប៉ែន៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម