ករណីឆបោកនៅប្រទេសកម្ពុជានៅតែមានជាបន្តបន្ទាប់ ទោះបីជាខាងសមត្ថកិច្ចបានខិតខំបង្ក្រាបយ៉ាងដុតដៃដុតជើង តែវាហាក់នៅមានកម្រិតនៅឡើយ។ ជាក់ស្តែងករណីជនខិលខូចឆបោកដោយប្រើល្បិចទំលាក់យោង តែងមានសកម្មភាពម្តងហើយម្តងហើយ ដូចជាករណីស្ត្រីលក់នំបញ្ចុកម្នាក់ ដែលត្រូវបានក្រុមទំលាក់យោងបោកអស់របស់មានតម្លៃនឹងប្រាក់ ព្រោះតែងាយឆាប់ជឿគេ។

តាមប្រភពគណនី Heng Heng Ly បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា «កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក​ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយមានស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ ចាប ឈី អាយុ ៤៦ឆ្នាំ មុខរបរ លក់នំបញ្ចុក បានរត់ត្រហេបត្រហបយំសស្រាក់ កាន់គ្រាប់កាំកង់១កូនថង់ ទៅប្តឹងចៅសង្កាត់ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីរូបគាត់ចាញ់ល្បិចក្រុមទម្លាក់យោង អស់ទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយកាក់ ពីខ្លួនរលីង គ្រាដែលគាត់ចូលផ្សារជម្ពូវ័ន រកទិញត្រីសាច់ សម្រាប់ស្លរ លក់នំបញ្ចុក។ តាមការរៀបរាប់ របស់ស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា ខណៈពេលដែលគាត់ទៅផ្សារ ដើម្បីទិញ សាច់ បន្លែ ដើម្បីយកមកស្លរលក់ ត្រូវបានស្ត្រីសង្ស័យវ័យក្មេងម្នាក់រាងស្គម ដើរមកសួរ រឿងគេជ្រុះបាត់កាបូបលុយមាស មិនទាន់បានទាំងតបតវិញផង ត្រូវបានស្ត្រីម្នាក់ទៀត ធាត់មាឌធំ មកប្រាប់ថាកុំមាត់ គាត់រើសបានដើរឲ្យឆ្ងាយពីគេតិចទៅ គាត់លាឲ្យមើល ក៏ឃើញលោហ:ក្រហមច្រាល និងលុយដុល្លារមួយដុំ ហើយជននោះក៏ទុកវិញ ដឹកដៃគាត់ដើរចេញពីផ្សារ ប្រាប់ថាយើងយកទៅចែកគ្នា ហើយឡើងថ្មើរជើងទៅលើស្ពានអាកាស លាតចំហរមាត់ថង់ឲ្យមើលម្តងទៀត ឃើញសុទ្ធតែគ្រឿង លោហ: ក្រហមច្រាលភ្នែក។

ឃើញឱកាសស្ងាត់ ជនសង្ស័យហុចថង់ក្រហម ឲ្យកាន់លាក់ទុក នេះជាចំណែក លុយដុល្លារវិញ រង់ចាំដូរចែកគ្នាទៀត ហើយចាប់ដោះយកខ្សែក ខ្សែដៃ ខ្វេះយកទាំងលុយក្នុងហោប៉ាវ ខោ ប្រាប់ឲ្យរង់ចាំលើស្ពាន ពួកគេទៅដូរលុយក្នុងផ្សារ។ ដោយរង់ចាំយូរមិនឃើញ ក៏លួចបើកកញ្ចប់មើល ឃើញសុទ្ធតែគ្រាប់កង់ ក៏ស្រែកទ្រហោយំរួច រត់ក៏ហៅម៉ូតូឌុប ជិះមកប៉ុស្តិ៍ប៉ូលីសដើម្បីដាក់ពាក្យបណ្តឹង»។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា និងកុំលោភលន់ចង់បានទ្រព្យគេអី ជៀសវាសចាញ់បោកជនខិលខូចបែបនេះ៕