កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ បានធ្វើដំណើរទៅដល់ព្រលានយន្តហោះប្រទេសថៃ ដើម្បីទទួលដំណើរម្តាយរបស់លោក ខេមរៈ សិរីមន្ត និងសពតារាចម្រៀង ខេមរៈ ស្រីពៅ មុនពេលធ្វើដំណើរឆ្លងមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះដែរកញ្ញា សុខ ពិសី ក៏បានរៀបរាប់ថានាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ពេលស្តាប់រឿងរ៉ាវរបស់ ខេមរៈ ស្រីពៅ មុនពេលលាចាកលោក។

នៅលើ Status របស់ សុខ ពិសី បានរៀបរាប់អោយដឹងថា៖ “ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនពេលស្ដាប់គាត់រៀបរាប់ទាំងទឹកភ្នែកមុនពេលពៅឃ្លាតទៅឆ្ងាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងម៉ាក់អុំសំរាប់ការបាត់បង់ប្អូនពៅដែលជាក្មេងឆ្លាតនិងគួរអោយស្រលាញ់”។ គួរបញ្ជាក់ផងដែរថា ដំណឹងមរណៈភាពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់លោក ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈពេលបាត់មុខនាងពីសិល្បៈអស់ជាច្រើនឆ្នាំ ស្រាប់តែទទួលដំណឹងដ៏អកុសលមួយនេះទៅវិញ៕