មហាជនរំភើបកោតសរសើរអាជ្ញាធរក្រុងប៉ោយប៉ែត ដែលដុតដៃដុតជើងគ្រប់គ្រងស្ថានការណ៍ពន្លត់អគ្គិភ័យបានជោគជ័យ
សង្គម January 30, 2019 sovann khmernote

មានអគ្គិភ័យមួយបានកើតឡើងដោយសារភ្លើងធូបបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ខូចខាត ផ្ទះអស់ចំនួន២ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៥៧នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអគ្គីភ័យបានឆាបឆេះរាលដាលដល់ទៅ៥ល្វែង តែដោយសារតែមានការគ្រប់គ្រងស្ថានការណ៍បានធ្វើឲ្យរងការខូចខាតធ្ងន់ធ្ងរចំនួន២ល្វែង ទំហំទ្រព្យសម្បត្តិដែលទទួលរងការខូចខាតក្នុង ហេតុការណ៍នោះមិនទាន់កំណត់។ ដោយគ្រប់គ្រងស្ថានការណ៍ពន្លត់អគ្គិភ័យបាននៅវេលាម៉ោង៣រសៀលថ្ងៃដែល។ ជាមួយនេះគ្រោះអគ្គិភ័យខាងលើធ្វើឱ្យមនុស្ស៤នាក់រងរបួសស្រាល ខណៈដែលចូលរួមទៅជួយពន្លត់ភ្លើង។

ក្នុងនោះផងដែលថាមានបងប្អូនប្រជាពលរដ្ឋបានបង្ហោះសារនៅលើបណ្តាញសង្គមបង្ហាញការកោតសរសើរថា៖ “ដោយសារភ្លើងធូប ទើបនាំឲ្យឆេះផ្ទះប្រជាពលរដ្ឋក្បែរផ្សារត្រីចំនួន៥ ល្វែង ជាប់ៗគ្នា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ អរគុណកម្លាំងប៉ូលីស រួមនិងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដែលបានសហការណ៍ជាមួយមន្ត្រីអាជ្ញាធរ ក្រុង អមដោយទឹកចិត្តមកជួយយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយចិត្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជិតខាង នៅចំណុចកើតហេតុដោយបានប្រើប្រាស់ឡានទឹកក្នុងការពន្លត់អគ្គិភ័យ អស់ជិត២០ឡាន ទើបសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្រុង អាចគ្រប់គ្រងស្ថានការណ៍បាន។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ករណីភ្លើងធូប ឬភ្លើងទាននៅពេលអុធសែនព្រេនម្ដងៗ ពិសេសគឺរដូវកាលបុណ្យទាន ខ្ញុំសូមសម្ដែងការសោកស្ដាយផង ចំពោះម្ចាស់ផ្ទះដែលឆេះ និងផ្ទះអ្នកជិតខាងដែលបានឆាបឆេះ តៗគ្នា (ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ បើភ្លើងឆេះផ្ទះ ប្រាកដជាគ្មានសេសសល់អ្វីទេ តែបើកុំឲ្យជួបទាំង២ទើបល្អ)”៕