សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ដែលប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះ ត្រូវបានតាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ ប៉ុន្តែថ្មីៗនេះមានបញ្ហាខាងបរិស្ថានដោយបរិវេណរបងសារមន្ទីរមានក្លិនអសោច ដោយទឹកនោមមនុស្សសត្វ ដោយមានទាំងមន្ត្រីបុគ្គលិកបាននាំគ្នាបាញ់សម្អាត។ ដោយខាងសារមន្ទីរបានសរសេរសារនៅលើបណ្តាញសង្គមថា៖

“ជនអគតិក្នុងសង្គម៖ អរគុណមន្ត្រីនិងបុគ្គលិកទាំងអស់គ្នាដែលចូលរួមសំអាតក្លិនអសោចនៃទឹកនោមរបស់មនុស្សនិងសត្វ។ យើងខិតខំសម្អាត តែមនុស្សអត់ខួរទាំងនោះ ប្រឹងធ្វើអោយបរិវេណសារមន្ទីរកខ្វក់ចោលសំរាមក្លិនអសោច។ មានសព្វគ្រប់ លាមកឆ្កែ លាមកមនុស្ស ទឹកនោមមនុស្សសត្វ និងសំណល់ផ្សេងៗ បង្ករអោយប៉ះដល់សោភ័ណ្ឌភាព និងក្លិនអសោច។ តើលោកអ្នកមានចិត្តខ្មាស់កូនចៅ ឬបរទេសខ្លៈទេ??? ល្មមភ្ញាក់ខ្លួនឡើងអស់លោក! មិនដឹងពេលណាទើបលោកអ្នកយល់ពីតម្លៃនៃការចូលរួមសំអាតបរិស្ថានសាធារណៈ។ ក្នុងគំនិតអ្នកទាំងនោះ រមែងគិតថាទីសាធារណៈមិនមែនជារបស់ខ្លួន ហេតុនេះហើយខ្លួនធ្វើអ្វីមិនខ្វល់ ចង់បំផ្លាញ ចង់ជុះ ចង់ចោលសំរាមគរដូចភ្នំ មិនឈឺក្បាល រហូតពេលខ្លះភ្លេចសំអាតសំរាមក្នុងផ្ទះខ្លួនទៀត”៕

ប្រភព៖ Tuol Sleng Genocide Museum