តើអ្នកទាំងអស់គ្នាធ្លាប់ដែលបានចូលរួមពិធិបុណ្យចាប់ត្រី ពីមុនមកដែរឬទេ? កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ ប្រជាជនក្មេងប្រុសស្រីជាច្រើននាក់បានមកជួបជុំគ្នានៅបឹងមួយ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមពិធីបុណ្យចាប់ត្រី។ ដោយពិធីបុណ្យចាប់ត្រីនេះ គឺមានដើមកំណើតជាយូរមកហើយ បើគិតមកទល់ពេលនេះវាប្រហែលមានអាយុកាល២០០ឆ្នាំមកហើយ។

ពិធីបុណ្យចាប់ត្រីនេះ គឺធ្វើឡើងរៀងរាល់ឆ្នាំ នៅរដូវទឹកស្រក ក្រោយប្រជាជនធ្វើការប្រមូលផលកសិកម្មរួចរាល់ ក្នុងគោលបំណងដើម្បីជួបជុំ បង្កើតភាពសប្បាយ និងដើម្បីអភិរក្សប្រពៃណីបុរាណផងដែរ។ ពិធីបុណ្យនេះក៏បានសាងភាពស្និទ្ធស្នាលដល់ប្រជាពលរដ្ឋក្នុងភូមិ ដោយការសាមគ្គីគ្នា និងការធ្វើការជាក្រុម។ ក្នុងពិធីបុណ្យចាប់ត្រីនេះគឺ តម្រូវឲ្យអ្នកចូលរួមទាំងអស់ប្រើប្រាស់ឧបករណ៍នេសាទបែបបុរាណមួយចំនួនតែប៉ុណ្ណោះដូចជា អង្រុត ឈ្នាង ត្រក ក្អុះជាដើម ហើយត្រីដែលរកបានគឺអាចយកទៅផ្ទះរៀងៗខ្លួន៕