សិល្បករ​បញ្ចូល​សម្លេង ដង្ហើយស្វែងរកយុតិ្តធម៌ ក្រោយកូនប្រុសស្លាប់ដោយសារឡានដឹកដីកិន ៣ឆ្នាំហើយជនបង្កមិនឃើញចាប់មកដាក់ទោសសោះ
សង្គម February 25, 2019 naren khmernote

ថ្មីៗនេះសិល្បករបញ្ជូលសម្លេង លោក ចេង សន បានដង្ហើយស្រែកស្វែងរកយុត្តិធម៌ ក្រោយរយៈពេល៣ឆ្នាំហើយដែលគ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយឡានដឹកដីដែល​បាន​គៀរ ហើយកិនពីលើ ធ្វើឲ្យ​កូនប្រុសរបស់លោកស្លាប់បាត់បង់ជីវិត តែ​កន្លងទៅ៣ឆ្នាំហើយជន​បង្ក​មិន​ត្រូវ​បាន​ចាប់ខ្លួន មក​ទទួលទោស​ឡើយ។

ដោយលោក ចេង សន មានគណនីហ្វេសប៊ុកឈ្មោះ ប៉ារស់ ដូចស្លាប់ បានសរសេររៀបរាប់ថា៖ “អ្នកស្លាប់ទៅហើយ មិនវិលវិញទេ នៅសល់តែកេរ្ត៍ ឲ្យអ្នករស់នឹក ថ្ងៃទី២៣ ស្អែកនេះ កូនខ្ញុំស្លាប់ទៅចោលពួកខ្ញុំបីឆ្នាំហើយ ស្លាប់ដោយស្នាដៃអាមនុស្សចិត្តសត្វ អានរកមកចាប់ជាតិ។ វាបើកឡានដឹកដីយ៉ាងកំរោល មកគៀរ ហើយកិនសម្លាប់កូនខ្ញុំ កូនខ្ញុំស្លាប់ដោយគ្មានកំហុស ស្លាប់ចោលពួកខ្ញុំគ្មានពាក្យលាមួយម៉ាត់ មិនបានឃើញមុខ ប៉ានិងម៉ាក់ ជាលើកចុងក្រោយ កូនខ្ញុំស្លាប់យ៉ាងខ្លោចផ្សា។ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ថ្ងៃដែលកូនខ្ញុំស្លាប់ ប៉ា ម៉ាក់ស្រែកទ្រហ៊ោយំ ឈឺចាប់ បេះដូងត្រូវឆេះខ្លោច ស្ទុះទៅអោបសាកសពកូន ចងចាំថ្ងៃនោះគ្មានថ្ងៃភ្លេច តាំងពីថ្ងៃនោះមកដល់ថ្ងៃស្អែកនេះជាង ១០០០ថ្ងៃ បងប្អូនសាច់ញាតិ មិត្តភក្តិ អាចភ្លេច តែ ប៉ាម៉ាក់ គ្មានថ្ងៃភ្លេច ថ្ងៃដែល ប៉ា ម៉ាក់ ភ្លេចគឺថ្ងៃដែល ប៉ា ម៉ាក់ស្លាប់។ អ្នកដែលបើកឡានកិនគេស្លាប់ ច្បាប់បានចែងថាត្រូវតែមានទោស តុលាការបានកាត់ទោសវាហើយ តែបីឆ្នាំហើយមិនឃើញអ្នកកាន់ច្បាប់តាមចាប់វាមកដាក់ទោសសោះ ខ្ញុំជា ប៉ាម៉ាក់ ចេះតែទន្ទឹងរង់ចាំគ្រប់វិនាទី តើកូនខ្ញុំមានសង្ឃឹមទទួលបានភាពយុត្តិធ៌មដែរឬទេ? ឬមួយក៏ពួកគាត់គិតថារាស្ត្រដូចជាពួកយើងខ្ញុំ ជាត្រី ជាបន្លែ សត្វមាន់ សត្វទា ដែលគេកិនស្លាប់ហើយក៏ហី បើលោកគិតថាជីវិតពួកខ្ញុំមានតម្លៃដូចជាពួកលោក សូមមេត្តាងាកមកមើលពួកខ្ញុំផង ចែកពួកខ្ញុំរស់ផង សូមក្មួយៗជួយបង្ហោះតគ្នាឲ្យបានច្រើន ក្រែងលោអ្នកកាន់ច្បាប់មានចិត្តធ៌មបានងាកមកឃើញ គាត់ក៏ចាប់អារម្មណ៍ហើយយល់ដល់ទុក្ខសោកពួកយើង អ៊ុំសូមអគុណពួកក្មួយៗ ខ្ញុំឈ្មោះ ចេង សន អាជីពអ្នកបញ្ចូលសំលេង វីដេអូ”៕