មួយរយៈក្រោយនេះតារាចម្រៀង និងកំប្លែងប្រុស នាយចឺម បានធ្វើឲ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គមមិនចាញ់ ថេណា ប៉ុន្មានទេ ដោយលោកជាមួយក្រុមហ៊ុនសាន់ដេ បានសម្រិតសម្រាំងនូវបទថ្មីមួយបទដែលមានចំណងជើងថា “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ដោយធ្វើការកែប្រែទំនុកច្រៀងពីបទមរតកដើម “ថ្ងៃដែលអូនចុកឈាម” ពីកវីនិពន្ធម្ចាស់ស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន បង្កឲ្យផ្ទុះការការរិះគន់កើតមានឡើង។ ដើមហេតុដែលបណ្តាលឲ្យមហាជនកើតក្តីខឹងសម្បាររហូតកើតមានការរិះគន់បែបនេះ ព្រោះតែខាងផលិតកម្មសាន់ដេ បានដាក់បទនេះជាបទភ្លេងនិពន្ធថ្មីដោយលោក Boty & Jane Roffer ថែមទាំងច្រៀងស្រែកខ្លាំងខុសពីបទរបស់អ្នកស្រី រស់ សេរីសុទ្ធា។

ក្រោយពីបទនេះបានចេញភ្លាម មហាជនជាច្រើនបានបញ្ចេញមតិមិនពេញចិត្តពេញបណ្តាញសង្គម ក្នុងនោះលោក ហេង ឡុង ដែលជាគូស្នេហ៍របស់អ្នក​នាង ​ចន ច័ន្ទ​លក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បានសរសេរសារអំពាវនាវដល់ខាងផលិតកម្មសាន់ដេ និងនាយ ចឺម នៅលើបណ្តាញសង្គមផងដែរ។ ដោយលោកបានសរសេររៀបរាប់ថា «ក្នុងនាមខ្ញុំបាទជាប្រធានក្រុមប្រឹក្សាភិបាលរបស់​ សមាគមសិល្បករខ្មែរ ករណីផលិតកម្មសាន់ដេ​ ដែលបានយកស្នាដៃរបស់លោកពូ​ គង្គ​ ប៊ុនឈឿន​ មកកែមេឡូឌី​ និងទំនុកច្រៀង។

ខ្ញុំបាទសូមអំពាវនាវដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន​ សូមមេត្តាលុបបទដែលច្រៀងដោយ​ នាយ​ ចឹម​ ​ដែលមានចំណងជើងថា​ “អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា” ចេញពីបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធ youtube ដើម្បីជៀសវាងការប៉ះពាល់ដល់ទឹកចិត្តក្រុមគ្រួសាររបស់លោកបពូ​ គង្គ​ ប៊ុនឈឿន។ សូមលោកអគ្គនាយករបស់ក្រុមហ៊ុនសាន់ដេ មេត្តាពិចារណាសំណើខាងលើដោយក្តីអនុគ្រោះបំផុត។ សូមលោកអគ្គនាយកមេត្តាទទួលការគោរពរាប់អានពីខ្ញុំបាទ»។ តើបងប្អូនយល់យ៉ាងណាចំពោះបញ្ហានេះ? បើគាំទ្រការស្នើសុំរបស់លោក ហេង ឡុង សូមជួយចែករំលែកបន្តព័ត៌មាននេះ៕