ក្មេងប្រុសអាយុ ៨ឆ្នាំ មួយរូបរស់នៅឯប្រទេសចិនភាគខាងត្បូង ត្រូវគេងសម្រាកមន្ទីរពេទ្យក្រោយពេលដែលត្រូវឪពុករបស់ខ្លួនដាក់ទោសដោយចាក់នឹងកាំបិត ព្រោះតែមិនបានធ្វើកិច្ចការផ្ទះទាន់ពេលវេលា។ ក្មេងប្រុសដែលរៀនថ្នាក់ទី៣រូបនេះ គឺរស់នៅឯតំបន់ Chenzhou ខេត្ត Hunan ប្រទេសចិន ដោយរូបគេបានទទួលលំហាត់ពីសាលា មុនពេលវិស្សមកាលរដូវរងាចូលមកដល់ និងត្រូវប្រគល់កិច្ចការទាំងនោះត្រលប់ទៅវិញនៅពេលដែលចូលកងវិញ។

ជាសំណាងមិនល្អ ក្មេងប្រុសរូបនេះមិនបានធ្វើលំហាត់របស់គេរួចរាល់នោះទេ ដោយគេនឹងត្រូវចូលរៀនវិញនៅថ្ងៃព្រហស្បត្តិ៍នេះ ដែលជាហេតុបណ្តាលឲ្យឪពុករបស់គេខឹងជាខ្លាំង រហូតដល់ថ្នាក់ដាក់ទោសយ៉ាងឃោរឃៅបែបនេះ។ តាមរបាយការណ៍របស់កាសែត BYD បានឲ្យដឹងថាឪពុករបស់ក្មេងប្រុសរូបនេះបានឲ្យរូបគេលុតជង្គង់ ហើយនឹងត្រូវវាយជាច្រើនរំពាត់ តែក្រោយមកលោកយាយរបស់គេក៏ចូលមកឃាត់ និងប្រតាយប្រតប់គ្នាជាមួយឪពុករបស់គេ រហូតដល់គាត់បានយកកាំបិតធំមកចាក់រូបគេ។

ខាងមន្ទីរពេទ្យបានប្រាប់ឲ្យដឹងតាមរយៈការពិនិត្យ គឺក្មេងប្រុសរូបនេះត្រូវរបួសជាច្រើនកន្លែងទាំងក្បាល ខ្នង និងគូទរបស់គេ ដោយមានស្នាមកាំបិតដែលមុតជ្រូវលើជើងរហូតដល់ទៅ ១០សម ដែលបណ្តាលឲ្យប៉ះពាល់សរសៃឈាម និងសន្លាក់។ របួសរបស់គេត្រូវបានធ្វើការវះកាត់ភ្លាមៗ និងត្រូវប្រើពេលយ៉ាងតិចពីរសប្តាហ៍ដើម្បីរបួសជាសះស្បើយ តែរូបគេនឹងត្រូវការឈើច្រត់សម្រាប់ដើរក្នុងមួយរយៈខ្លី ពេលដែលចាកចេញពីមន្ទីរពេទ្យ។

ដើមហេតុដែលបង្កឲ្យមានរឿងនេះកើតឡើង ព្រោះតែរូបក្មេងប្រុសនេះធ្វើឲ្យឪពុកគេខឹងជាញឹកញាប់ ដោយរូបគេតែងតែគេចវេសមិនព្រមធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យជាច្រើនលើកច្រើនសារ ព្រោះតែភាពខ្ជិលច្រអូសរបស់គេ រហូតដល់ថ្ងៃមួយនោះដែលជាថ្ងៃឪពុករបស់គេខឹងខ្លាំងដោយបាននិយាយទៅកាន់គេថែមទៀតថា «មិនចង់មានកូនប្រុសដូចជារូបគេ» ហើយគាត់ក៏បានយកកាំបិតចាក់ចំជើងរបស់គេ។ ក្រោយពីគាត់បានឃើញរូបគេរបួសគាត់ក៏ប្រញ៉ាប់យកគេមកមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល នេះបើតាមការរៀបរាប់របស់ម្តាយចុងរបស់គេ។ យ៉ាងណាមិញឪពុករបស់ក្មេងប្រុសរូបនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច តែគេមិនទាន់ដឹងលទ្ធផលនៅឡើយទេថាគាត់អាចនឹងត្រូវឃុំខ្លួន ឬក៏ជាប់ទោសយ៉ាងណានោះ៕ ប្រភព៖ Nextshark