មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ២ និង ៣០នាទីរសៀលថ្ងៃទី ១ ខែមិនា ឆ្នាំ២០១៩ នៅចំនុច ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ លើកំណាត់ផ្លូវជាតិលេខ៣ ដោយរថយន្តធុនធំដឹកស៊ីម៉ងរបស់ក្រុមហ៊ុនឯកជនមួយបានកិននារីម្នាក់ដែលជាអ្នកលក់ឡេតាមអនឡាញ បណ្តាលអោយធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះថា សេង សុខសានូ អាយុ៣០ឆ្នាំ មុខរបរ លក់ឡេ ផលិតផល តាមអនឡាញ មានទីលំនៅ ផ្ទះលេខ៦០អុឺ០ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-5787 ហើយពេលធ្វើដំណើរ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះមកទាក់ដៃម៉ូតូគ្នា ធ្វើអោយជនរងគ្រោះដួលខ្ទាតចូលក្រោមកង់រថយន្តដឹកស៊ីម៉ង់ ដែលមានស្លាកលេខ 3A- 9421 ជារថយន្តរបស់ក្រុមហ៊ុន K- Cment ដែលមានអ្នកបើកបរឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុករងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕