បេសកម្មស្វែងរកកូនប្រសារប្រុសរបស់ថៅកែទុរេនថៃ នឹងចាប់ផ្តើមខែក្រោយនេះ ដោយមានបេក្ខភាពដាក់ពាក្យដល់ទៅ១ម៉ឺននាក់ឯណោះ
សង្គម March 6, 2019 SAM

កាលពីថ្មីៗនេះផ្ទុះរឿងរ៉ាវកក្រើកពេញបណ្តាញសង្គមដោយសេដ្ឋីថៅកែធុរេននៅឯប្រទេសថៃបានប្រកាសស្វែងរកកូនប្រសារប្រុសជាគូអនាគតរបស់កូនស្រីខ្លួន។ ដោយថៅកែទុរេនដែលមានឈ្មោះថា អានុន រឌថង ហៅ សៀរ បានប្រកាសស្វែងរកបុរសដែលសាកសមបំផុត ដើម្បីធ្វើជាគូអនាគតកូនស្រីពៅដែលមានអាយុ២៦ឆ្នាំ របស់លោក ដោយថែមទាំងមិនយកបណ្ណាការ ឬប្រាក់មួយកាក់ មួយសេនឡើយ តែនឹងជូនលុយទៅវិញចំនួន១០លានបាត និងទ្រព្យសម្បត្តិជាច្រើនទៀត។ បុរសដែលអាចដាក់ពាក្យធ្វើជាកូនប្រសារបស់ថៅកែរូបនេះបានមិនចាំបាច់មានសញ្ញាប័ត្រនោះទេ គ្រាន់តែជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ អាចយកឈ្នះចិត្តកូនស្រីគាត់ ជាពិសេសគឺអ្នកដែលចូលចិត្តទុរេន អាចពូកែរកស៊ី មិនលេងល្បែង ឬគ្រឿងញៀននោះទេ។

អ្វីដែលមិនគួរឲ្យជឿនឹងនឹកស្មានមិនដល់នោះគឺមានអ្នកដាក់ពាក្យដល់ទៅ ១ម៉ឺននាក់ឯណោះ រហូតដល់ថៅកែធុរេន អានុន ប្រកាសបិទឈប់ទទួលពាក្យព្រោះតែលោកមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលពួកគេនោះទេ។ លោកថៅកែរូបនេះក៏បានបើកសន្និសិទ្ធកាសែតនិយាយរៀបរាប់លម្អិតទាក់ទងនឹងបញ្ហានេះផងដែរ។ ដោយលោកបាននិយាយថា «ប្រសិនបើលោករង់ចាំបុរសទាំងនោះមកសុំកូនស្រីរបស់គាត់រៀបការ វាអាចនឹងចំណាយពេលយូរទើបលោកប្រកាសស្វែងរកតែម្តង ដោយលោកអាចនឹងឲ្យពួកគេចូលរួមការប្រកួតប្រជែងដើម្បីដឹងពីសមត្ថភាពផងដែរ»។ លោកបញ្ជាក់ដែរថា «បុរសទាំងអស់ត្រូវមកជួបជុំគ្នានៅថ្ងៃទី១ ខែមេសា នៅឯចំការទុរេនរបស់លោក ដែលមានទីតាំងនៅឯខេត្ត ចន្ទបុរី ដោយប្រមូលសម្លៀកបំពាក់ ព្រមទាំងរបស់ដែលអ្នកគិតថាមានប្រយោជន៍សម្រាប់អ្នកមកជាមួយ ដើម្បីស្នាក់នៅ និងធ្វើការនៅចំការទុរេនរបស់លោក រយៈពេល៣ខែ។ ប្រសិនបើ៣ខែបន្ទាប់ពីនេះ មានបុរសដែលអាចទ្រាំទ្របានលើពីម្នាក់ យើងនឹងបន្តរយៈពេល៣ខែទៀត រហូតនៅសល់បុរសម្នាក់ចុងក្រោយ»។

ចំណែកឯកូនស្រីរបស់ថៅកែ ដែលមានឈ្មោះថា ​កាន់រ៍សីតា រឌថង នាងក៏បាននិយាយថា «ដំបូងឡើយនាងគិតថាឪពុករបស់នាងគ្រាន់តែលេងសើចប៉ុណ្ណោះ ដោយមិននឹកស្មានថាគាត់ធ្វើពិតមែននោះទេ។​ នាងមិនមែនជាមនុស្សរើសច្រើននោះឡើយ នាងសុំត្រឹមតែបុរសនោះអាចមើលថែរូបនាង និងអាជីវកម្មដែលគ្រួសារនាងមាន។ នាងព្រមជាមួយសមាជិកគ្រួសារដទៃទៀត នឹងគោរពលើការសម្រេចចិត្តរបស់ឪពុករបស់នាង»៕ Khaosod