មួយរយៈក្រោយនេះយើងសង្កេតឃើញថា តារាៗនៅក្នុងរង្វង់សិល្បៈមិនថាក្មេងចាស់ប្រុសស្រី ហាក់មានភាពមមាញឹកជាខ្លាំងជាពិសេសគឺទាក់ទងនឹងការថតចម្រៀងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរតែម្តង។ ក្នុងនោះលោក ខាន់ ជែមស៍ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ក៏ហាក់ដូចជាកំពុងសស្រាក់សស្រាំផលិតចម្រៀងស្នាដៃថ្មីៗរបស់ខ្លួនផងដែរ។ រឹតតែពិសេសគឺថ្មីៗនេះលោកបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយបានចេញបទចម្រៀងថ្មីមួយបទ ថែមទាំងចាប់ដៃគូជាមួយនឹងកញ្ញា បាន មុន្នីល័ក្ខ ថែមទៀតនោះ។

បទចំរៀងមួយបទដែលតារាប្រុសស្រីល្បីឈ្មោះទាំងពីរនាក់បានបកស្រាយរួមគ្នាមានចំណងជើងថា “នាងដើរទូលក្អម” ដែលជាបទមរតកដើមបកស្រាយដោយលោក វ៉ា សូវី និងអ្នកស្រី រស់ សេរីសុទ្ធា។ បទចង្វាក់រាំវង់មួយបទនេះហាក់កំពុងតែអង្រួនចិត្តប្រិយមិត្តយុវវ័យពេញបណ្តាញសង្គម ជាពិសេសគឺពេលដែលលោក ខាន់ ជែមស៍ តារាចម្រៀងប្រុសសម្លេងពិរោះជាមួយកញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងស្រីដែលឆ្លងកាត់ការប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ចាប់ដៃរួមគ្នាបកស្រាយសាជាថ្មី។ យ៉ាងណាមិញដើម្បីជ្រាបច្បាស់ថាបទថ្មីនេះពិរោះកម្រិតណានោះមកស្តាប់ទាំងអស់គ្នា៖