គិតមកទល់នឹងពេលនេះ គឺជាថ្ងៃទី០៥ហើយ ដែលក្រុមយុវជនបាននាំគ្នាស្មគ្រ័ចិត្តទៅប្រមូលសំរាមនៅម្តុំលូទឹកស្អុយ បឹងត្របែក ហើយសកម្មភាពរបស់ពួកគាត់បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែសកម្មភាពប្រមូលសំរាមរបស់ពួកគាត់បានជួបបញ្ហា ដោយសារតែពួកគាត់ត្រូវការជាចាំបាច់នូវ បាវ និងការ៉ុង ជាច្រើនបន្ថែមទៀត ដើម្បីយកមកច្រកសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ។

បើយោងតាមសំដីក្រុមយុវជនបានឲ្យដឹងថា គាត់ស្នើរសុំឲ្យរថយន្តកាយសំរាម មេត្តាមកជួយកាយសំរាមទាំងនោះផង ដោយសារតែសំរាមច្រើនពេក ហើយក្រុមប្រមូលសំរាមមានគ្នាតិច ដូច្នេះមិនងាយនឹងប្រមូលអស់ឡើយ មានតែប្រើរថយន្តកាយទើបឆាប់រហ័ស។ នេះគឺជាគំរូដ៏ល្អមួយ ដែលបងប្អូនប្រជាពលរដ្ឋគួរតែអនុវត្ត ដើម្បីទីក្រុងរបស់យើងមានភាពស្រស់ស្អាត និងមានអនាម័យល្អ៕