លោក ហេង ឡុង បានបង្ហាញអត្តសញ្ញាណជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ទៀត ដែលបានប្រើហិង្សាទៅលើតារាចម្រៀង អាន វិសាល រហូតបែកក្បាល។ ដោយលោកបានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ មៀន ភេទប្រុស អាយុប្រមាណ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្សពួក ៤នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ។

ដោយលោកបានសរសេររៀបរាប់ថា៖ “តើពិតជាអាជ្ញាធរមិនអាចរកជនដៃដល់ឃើញមែនទេ? ខ្ញុំសូមបង្ហាញអត្តសញ្ញាណ និងអាសយដ្ឋានរបស់ជនបង្កដែលបានយកញញួរដែកមកវាយក្បាលតារាចម្រៀងអានវិសាល សូមជួយស៊ែរអោយបងអាជ្ញាធរក៏បានឃើញផង។ តារាចម្រៀងលោក អាន វិសាល រងរឿងអយុត្តិធម៌ណាស់ ត្រូវជនសង្ស័យជួលផ្ទះក្បែរទាញញញួរមកវាយក្បាលលោកទាំងកម្រោល បណ្តាលឲ្យបែកឈាមហូរស្រោចខ្លួន ថែមទាំងវាយប្រពន្ធរបស់លោក ពកក្បាលទៀត កាលពីម៉ោង ១២៖០០នាទីអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅទល់មុខហាងការ៉ាអូខេ អេលេហ្គេន ដោយគ្រាន់តែលោក វិសាល ប្រាប់ជនបង្កថា «កុំឲ្យជិះម៉ូតូលឿនពេក ប្រយ័ត្នបុកក្មេង»។ ជនសង្ស័យត្រូវតារាចម្រៀង អាន វិសាល ស្គាល់ច្បាស់ និងបានប្រាប់ថាមានឈ្មោះ មៀន ភេទប្រុស អាយុប្រមាណ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្សពួក ៤នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ៕