មនុស្សគ្រប់គ្នាតែងតែនិយមស្លៀកពាក់តាមស្ទាយន៍ប្លែកៗរបស់ពួកគេរៀងៗខ្លួន ដោយអ្នកខ្លះចូលចិត្តតាមបែបទាន់សម័យ បែបស៊ិចស៊ី បែបសុភាព ឬបែបខ្ជូតៗជាដើម។ យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ទៅលើអ្នកដែលចូលចិត្តស្លៀកខោខាប៊យវិញនោះ​ អ្នកប្រាកដជាបានដឹងនូវការលំបាកមួយចំនួនក្នុងការស្លៀកខោប្រភេទនេះផងដែរ ដូច្នេះដើម្បីដោះស្រាយនូវបញ្ហាទាំងនេះអ្នកអាចប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖

ទី១.ច្នៃរូតខោដែលខូចឡើងវិញ៖ រូតខោខូចមិនបានមានន័យថាខោរបស់អ្នកមិនអាចស្លៀកទៀតបាននោះទេ យើងអាចច្នៃឡើងវិញបានដោយកាត់ផ្នែកខាងក្រោមនៃរូត រួចដាក់គន្លឹះរូតចូលជាថ្មីម្ដងទៀតបន្ទាប់មកធ្វើការដេរកន្លែងដែលកាត់នោះអោយជិត ដើម្បីជួយទប់កុំឲ្យរូតរបូតទៀត។

ទី២. ច្នៃរូតខោដែលងាយនឹងរបូត៖ ប្រសិនបើអ្នកមាន​ផលពិបាកក្នុងការស្លៀកខោដែលងាយរបូតរូត​ អ្នកអាចច្នៃវាឡើងវិញជាមួយនិងកងដាក់បន្តោងសោរយកមកទ្ពក់ជាមួយនិងក្បាលរូត នៅពេលដែលអ្នកស្លៀកអ្នកគ្រាន់តែភ្ជាប់កងនោះជាមួយនិងលេវខោវាមិនរបូតទៀតទេ។

ទី៣. ច្នៃចង្កេះខោដែលរលុង៖ នៅពេលដែលខោរបស់អ្នកទិញមកវារលុងពេក អ្នកមិនចាំបាច់ទុកចោលទេអ្នកគ្រាន់តែយកបន្ទះកៅស៊ូមកដេរនៅក្នុងចង្កេះខោផ្នែកខាងក្រោយ ឲ្យរៀងតឹងសមល្មមដែលអ្នកគិតថាងាយស្រួលក្នងការស្លៀករួចជាការស្រេច។

ទី៤. ច្នៃលេវខោ៖ នៅពេលដែលចង្កេះខោរបស់អ្នកតឹងពេកពិបាកក្នងការស្លៀកវាមិនមែនជាបញ្ហាទៀតទេ អ្នកគ្រាន់តែយកកៅស៊ូចងសក់មកចងនៅផ្នែករន្ធលេវ បន្ទាប់មកភ្ចាប់វាជាមួយនិងលេវខោនោះវានឹងលែងតឹងដូចមុនទៀតហើយ។