មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីដាច់ចរន្តអគ្គិសនី តែងតែកើតឡើងជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួន ហើយករណីនេះផងដែរក៏កើតមានការត្អូញត្អែរជាច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ខណៈដែលមានការត្អូញត្អែរពីប្រជាពលរដ្ឋ ក៏មានការបង្ហោះសារ និងរូបភាពបង្ហាញពីការលំបាករបស់បុគ្គលិកអគ្គិសនី ដោយហ្វេសប៊ុកផេកមួយបានសរសេរថា “ខណៈពេលដែលលោកអ្នកអង្គុយក្នុងផ្ទះឬ ក្នុងម្លប់ ហើយមានអ្នកខ្លះ អង្គុយចាំតែជេរ ខ្លះស្តីបន្ទោស ខ្លះនិយាយថាអោយពួកគាត់123ចេះ 123ចុះ…….. ឃើញរូបភាពកណ្តាលថ្ងៃបែបនេះ ពិតជាអាណិតពួកគាត់ខ្លាំងណាស់ តែការងារអ្នកណាក៏មាន នេះជាភារកិច្ចមនុស្សរៀងៗខ្លួន បើពួកគេគ្មានទំនួលខុសត្រូវ វាគ្មានអី្វ​គួរឲ្យអាណិតទេ”។

ក្រោយពីបានឃើញសារបែបនេះ ធ្វើឲ្យ តារាហ្វេសប៊ុក PeyPey Dy បានសរសេរឆ្លើយតបទៅវិញថា៖ “មិនគួរណា អូសចុះឡើង មកឃើញ captionបែបហ្នឹងសោះ សួរថា រាល់ថ្ងៃប្រជាជនប្រើភ្លើង freeមែន? ក្រែងគេបង់លុយរាល់ខែតើ ហើយក្រែងវាជាការងាររបស់លោកមែនទេ? លោកធ្វើការហ្នឹងដោយស្ម័គ្រចិត្តមិនយកប្រាក់ខែ ឬយ៉ាងម៉េច? វាជាភារកិច្ចរបស់លោក ខែខ្លះ បង់លុយយឺតប៉ុន្មានថ្ងៃ ផ្តាច់ភ្លើងបាត់ ទៅបង់ ត្រូវបង់សេវាតភ្ជាប់ឡើងវិញ។ ខែខ្លះទៅបង់ជួបអ្នកធ្វើការមួយចំនួននៅទីនោះ សំដីដូចយកមេឃទ្រាប់អង្គុយ សួរថាពួកខ្ញុំដែលរំលឹកយកមកនិយាយវិញឬអត់? ពួកគាត់ហត់ គាត់ពិបាក ចុះប្រជាជនដែលប្រើភ្លើងរាល់ថ្ងៃ រកលុយមកស្រួលមែន? ឬគិតថា ប្រជាជនចេះជប់លុយ? ពិតណាស់ គឺគ្មានទេ បើគ្រប់គ្នាចេះជប់ ខ្ញុំជឿថាពួកគាត់ក៏មិនទៅធ្វើការហ្នឹងដែរ ខ្ញុំប្រើភ្លើង អស់តិចឬច្រើន គឺត្រូវតែបង់អោយគ្រប់ចំនួនមិនដែលខ្វះមួយកាក់មួយសេនទេ ដូច្នេះរឿងការតភ្ជាប់គឺត្រូវតែធ្វើជូនប្រជាជន”៕