កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យគុណគ្រូ ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានវត្តមានអ្នកចូលរួមជាច្រើនដូចជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា អាណាព្យាបាល អតីតសិស្សវិទ្យាល័យព្រៃទទឹង សប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំជាច្រើននាក់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យសិស្សានុសិស្សទាំងអស់ព្យាយាមក្រេបយកចំណេះវិជ្ជា ដើម្បីយកចំណេះនេះ មកបំរើប្រទេសជាតិវិញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តួចផ្តើមសប្បុរសជនដើម្បីសាងសងអាគារសិក្សាមួយខ្នងកំពស់ ២ ជាន់ មានចំនួន ១២ បន្ទប់ជូនសិស្សានុសិស្ស ព្រមទាំងជួយចាក់ដីធ្វើតារាបាល់ទះ បាល់បោះ ជូនទៅសិស្សានុសិស្សដើម្បីលេងកីឡា (គ្រាន់តែឯកឧត្តមមានប្រសាសន៍ចប់ភ្លាម សិស្សានុសិស្សទាំងអស់នាំគ្នាទះដៃ ហ៊ោយ៉ាងសប្បាយរីករាយ។

ឯកឧត្តមហ៊ុន ម៉ាណែត និងសប្បុរសជន ក៏បានឧបត្ថម្ភថវិកា ចំនួនជាង ៦ ពាន់ដុល្លារ ដើម្បីធ្វើរបងវិទ្យាល័យ ដាក់ឲ្យប្រើប្រាស់ស្រះទឹកដែលទើបនឹងជីកថ្មី ព្រមទាំងបំពាក់អំពូលសោឡា ដើម្បីបំភ្លឺពេលរាត្រី និងឧបត្ថម្ភថវិកាដល់សាលា និងកំព្យុទ័រសម្រាប់ការងាររដ្ឋបាលទៀតផង។

ការវិនិយោគលើការសិក្សា នឹងបណ្តុះបានធនធានមនុស្សជាច្រើន សម្រាប់ដឹកនាំប្រទេស! គាំទ្រទាំងអស់គ្នាសម្រាប់ការជួយលើវិស័យអប់រំ។