កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីករណីទឹកលិចផ្ទះនៅបុរីឈូកវ៉ា ថែមទាំងមានគណនីមួយឈ្មោះថា Jame Smile បានបង្ហោះសារមួលបង្កាច់ដោយសរសេររៀបរាប់ថា «ឧកញ៉ា ហុង ពីវ អើយ រកស៊ីម៉េចចឹង? ប្លង់សេអត់មានចាក់ដែកចឹង សំណង់ចឹងៗបានប៉ុន្មានឆ្នាំ ដេកៗថ្មពិដាន បាក់មកធ្លាក់លើស្លាប់នរណាទទួលខុសត្រូវ? ពេលទឹកលេចឆ្លងចរន្តភ្លើង ឆក់ស្លាប់នរណាទទួលខុសត្រូវ? បើរកស៊ីចឹងៗភ្ញៀវរត់អស់ហើយ អស់ទំនុកចិត្តហើយ បុរីឈូកវ៉ា៣…. price more than 50000$»។ ក្រោយពីគណនីខាងលើបានបង្ហោះពត៌មានមិនពិតនេះរួចមក ក៏មានការចែករំលែកពេញបណ្តាញសង្គមរហូតត្រូវធ្វើការដេញដោលសួរឲ្យមានការបកស្រាយ។

ប្រហែលមុននេះបន្តិចក្រុមការងាររបស់អ្នកឧកញ៉ា ហុង ពីវ ជាមួយបងៗសមត្ថកិច្ចបានចុះទៅទីកន្លែងកើតហេតុផ្ទាល់ដោយបានចាប់ជនខិលខូចដែលមានគណនីហ្វេសប៊ុកឈ្មោះថា Jame Smile ដើម្បីបកស្រាយបំភ្លឺនិងចេញមុខសុំទោសជាសាធារណៈ។ ដោយបុគ្គលនោះមានឈ្មោះពិតថា វ៉ា សាវឿន បាននិយាយសុំទោសទៅកាន់អ្នកឧកញ៉ា ហុង ពីវ និងបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកថា «ខ្លួនជាម្ចាស់គណនីខាងលើសុំអភ័យទោសជាសាធារណៈ ដែលបាននិយាយពាក្យមិនពិតថាបុរីធ្វើផ្ទះចាក់ប្លង់សេអត់ដាក់ដែក បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងសុំការសណ្តោសប្រណីពីអ្នកឧកញ៉ា និងសូមបងប្អូនទាំងអស់បញ្ឈប់ការ Like និង Share ព្រមទាំងការយល់ច្រឡំនេះ»។

យ៉ាងណាមិញខាងក្រុមការងាររបស់អ្នកឧកញ៉ា ហុង ពីវ និងបងៗសមត្ថកិច្ច ក៏បានយល់ព្រមលើកលែងទោសដល់បុគ្គលនេះ ដោយមានក្តីសណ្តោសពីអ្នកឧកញ៉ា សង្ឃឹមថាបងប្អូននៅតែបន្តការគាំទ្រចំពោះបុវីពិភពថ្មី និងសូមបងប្អូនឈប់បន្តការស៊ែរពត៌មានមិនពិតមួយនេះ៕