ផ្លែឈើគឺជាប្រភពយ៉ាងសំខាន់ក្នុងការផ្ដល់វីតាមីនជាច្រើនប្រភេទដែលជួយទ្រទ្រង់ដល់រាងកាយយើងទាំងមូលដូចជា ស្បែក សក់ និងសុខភាពជាដើម ជាពិសេសអាចជួយក្នុងការតមអាហារដែលមិនធ្វើឲ្យធាត់ហើយទទួលបានសុខភាពល្អទៀតផង។ ដោយឡែកមនុស្សមួយចំនួនចូលចិត្តបរិភោគផ្លែឈើ​ ហើយគិតថាផ្លែឈើខ្លះពិបាកក្នុងការចិតដោយមានភាពសុាំញាំ និងប្រើពេលយូរដូច្នេះអ្នកអាចសាកល្បងនូវវិធីខាងក្រោមនេះបានវានឹងមានភាពងាយស្រួលជាងមុននិងមិនប្រើពេលយូរ៖

ទី១. ផ្លែស្វាយទុំ៖ អ្នកប្រាកដជាធ្លាប់បានដឹងរួចមកហើយថាស្វាយដែលទុំវាពិបាកក្នុងការចិតសំបកចេញ ដូច្នេះអ្នកអាចសាកល្បងពុះស្វាយជាចំណិតៗដោយយកគ្រាប់ចេញ បន្ទាប់មកយកចំណិតស្វាយទៅកោសជាមួយនិងមាត់កែវហើយសង្កត់បន្តិច នោះសំបកស្វាយនិងត្រូវដាច់ចេញពីសាច់វាបានយ៉ាងងាយ។

ទី២.​ ផ្លែបឺរ៖ ប្រសិនបើអ្នកពិបាកក្នុងការចិត ឬយកគ្រាប់របស់ផ្លែបឺរចេញ អ្នកត្រូវពុះវាជាបួនចម្រៀកតែមិនត្រូវពុះដល់គ្រាប់ទេ បន្ទាប់មកកាត់ផ្ដាច់ផ្នែកទាំងបួននោះចេញពីគ្នា អ្នកអាចយកគ្រាប់វាចេញបាន មិនតែប៉ុណ្ណោះអាចបកសំបកវាបានយ៉ាងស្រួលដោយមិនចាំបាច់ចំណាយ
ពេលយូរផងដែរ។

ទី៣. ផ្លែឪឡឹក៖ ជាធម្មតាការចិត ឬពុះឪឡឹកមានច្រើនរបៀបដែលអ្នកអាចធ្វើបាន តែអ្នកអាចប្រវិធីនេះបានដោយគ្រាន់តែពុះឪឡឹកជាពីរផ្នែក បន្ទាប់មកច្រៀកជាចំណិតតូចៗដែលមានរាងជាការេ ធ្វើបែបនេះដើម្បីមានភាពងាយស្រួលក្នុងការញុាំ។

ទី៤. ផ្លែម្នាស់៖ ពិតណាស់មនុស្សមួយចំនួនធំប្រាកដជាមិនចេះចិតផ្លែឈើប្រភេទនេះទេ ព្រោះមានភាពសុាំញាំក្នុងការចិត ជាពិសេសត្រូវការពេលយូរ​ ប៉ុន្តែអ្នកអាចសាកល្បងវិធីងាយៗនេះបានដោយកាត់ក្បាលម្នាស់ចេញ ហើយពុះវាជាបួនចំណិតបន្ទាប់មកចិតយកស្នូលចេញ រួចកាត់នៅផ្នែកខាងក្រោមជាបណ្ដោយ និងជាដុំតូចៗរួចជាស្រេច។