ក្រុមយុវជនសំរាម ប្រកាសសុំជំនួយពីបងប្អូនមហាជន ដោយពួកគាត់ចង់បានម៉ាស៊ីនប្រភេទនេះ ដើម្បីប្រមូលសម្រាមនៅក្នុងប្រឡាយលូបានឆាប់រហ័ស
សង្គម March 21, 2019 SAM

រឿងរ៉ាវរបស់យុវជនសំរាម ដែលដឹកនាំដោយយុវជនឈ្មោះ សាន ដារ៉ាវីត ហាក់នៅតែជាប្រធានបទដ៏ក្តៅគគុកនៅក្នុងបណ្តាញសង្គមកម្ពុជា ដោយពួកគេនៅតែបន្តធ្វើការប្រមូលសំរាមនៅតាមបណ្តោយប្រឡាយឡូទឹកស្អុយបឹងត្របែក មិនមានពេលឈប់សម្រាក ខណៈពេលដែលបងប្អូនមួយចំនួននៅតែបន្តធ្វើការបោះចោលសំរាមចោលពាសវាលពាសកាលមិនបានត្រឹមត្រូវដូចកាលគ្រាមុន។ ថ្មីៗនេះដែលក្រុមយុវជនសំរាមក៏បានធ្វើជាធុងសំរាមសម្រាប់ចែកជូនដល់បងប្អូនដែលមិនមានវា ក្នុងគោលបំណងដើម្បីកាត់បន្ថយការបោះចោលសំរាមតាមទីសាធារណៈដែលបង្កឲ្យកខ្វក់ដល់អនាម័យ និងគ្មានសណ្តាប់ធ្នាប់។

ពេលនេះដែលក្រុមយុវជនសំរាមមួយក្រុមនេះក៏បានបង្កប់កាមេរ៉ាសុវត្ថិភាពរួចរាល់ហើយ ដើម្បីតាមដានអ្នកដែលនៅតែបន្តបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់បែបនេះ។ មុននេះបន្តិចប្រភពទំព័រ យុវជនសំរាម បានបង្ហោះវីដេអូមួយដែលស្តីពីគ្រឿងយន្តកែច្នៃសម្រាប់ប្រើប្រាស់សម្អាតសំរាមនៅលើទឹក ដែលអាចជួយកាត់បន្ថយពេល និងសំអាតបានយ៉ាងរហ័ស ជាមួយសារមួយឃ្លាថា «យើងចង់បានម៉ាសុីនប្រភេទនេះមួយ បើបងប្អូនណាអាចអោយពួកយើងខ្ចីប្រើ មិនដឹងល្អម៉េចទេ?»។ តើបងប្អូនយល់យ៉ាងណាដែរចំពោះការស្នើសុំរបស់គាត់ បើសិនជាយល់ស្របសុំធ្វើការចែករំលែកព័ត៌មាននេះបន្ត និងជួយឧបត្ថម្ភពួកគាត់ដើម្បីទទួលបានគ្រឿងចក្រប្រភេទនេះផង៕