រឿងរ៉ាវជនជាតិជប៉ុន២នាក់សម្លាប់តៃកុងឡានជាជនជាតិខ្មែរម្នាក់ប្លន់យករថយន្តមិនបានសម្រេចនៅខេត្តសៀមរាប បានធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្នុងនោះដែរក៏មានសារជាច្រើនបង្ហាញពីអារម្មណ៍សោកស្តាយបំផុតពីប្រជាជនជប៉ុន ដែលកំពុងរស់នៅប្រទេសកម្ពុជា រហូតមានការប្រមូលថវិការបរិច្ចាគជូនដល់ក្រុមគ្រួសារជនរងគ្រោះ ដែលមានស្ត្រីជាភរិយាម្នាក់ និងកូនប្រុសស្រី៤នាក់ទៀត។

ថ្មីៗនេះ តារាសម្តែង មាន សូនីតា ក៏បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា ក្រោយពីបានទទួលបានដំណឹងនេះ ដៃគូ​រកស៊ី​នៅ​ជប៉ុន ក៏បានសម្តែងក្តីរន្ធត់ ព្រមទាំងបានប្រកាសជួយជាថវិកាចំនួន១ពាន់ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះ។ ដោយ មាន សូនីតា​ បានសរសេររៀបរាប់ថា៖ “ដំណឹងរន្ធត់មួយ ដែលពាក់ព័ន្ធរឿងជនជាតិជប៉ុនប្លន់សម្លាប់ នេះគឺជាដំណឹងមួយយ៉ាងសោកស្តាយជាទីបំផុតធ្វើឲ្យជនជាតិជប៉ុនទទួលយកពុំបានដូចគ្នា ឥឡូវដៃគូរសហការរបស់ខ្ញុំ ជនជាតិជប៉ុន នៅឯប្រទេសជប៉ុន។ នាងខ្ញុំ មានសូនីតា នឹងជំនួសមុខអោយក្រុមហ៊ុន ជប៉ុនដែលបានសហការជាមួយ បានជូនថវិកាបន្តិចបន្តួចចំនួន 1000$ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ យ៉ាងភាពក្រៀមក្រំបំផុត។ សូមអ្នកទាំងអស់គ្នាជួយ share បន្តផងព្រោះខ្ញុំក៏មិនដឹងទាក់ទងទៅគ្រួសាររបស់គាត់យ៉ាងម៉េចដែរ”៕