ពេលវេលាចេះតែរំកិលទៅមុខយ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើន ទន្ទឹមនឹងនេះក៏បានបន្សល់នូវវិប្បដិសារីដល់មនុស្សមួយចំនួនឲ្យមានការសោកស្ដាយក្នុងជីវិត​ ដោយសារតែការមិនបានយកចិត្តទុកដាក់ និងការធ្វេសប្រហែសមួយពេលសម្រាប់ជិវិតក្នុងការរស់នៅប្រចាំថ្ងៃ។ ថ្ងៃនេះផងដែរយើងសូមបង្ហាញពីរឿង ៤យ៉ាងដែលធ្វើឲ្យអ្នកមានការស្ដាយក្រោយនៅពេល ១០ឆ្នាំខាងមុខទៀត៖

ទី១. ការចំណាយពេលតិចពេកជាមួយមនុស្សជាទីស្រលាញ់៖ ជាការពិតណាស់មនុស្សភាគច្រើនតែងតែមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់ខ្លួនដោយសារតែការរវល់ជាមួយការងារ ការររកស៊ី និងការមិនឲ្យតម្លៃពេលវេលាដែលចេះតែគេចវេសពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែអ្នកនឹងមានការស្ដាយក្រោយនៅពេលដែលអ្នកបាត់បង់ពួកគេនៅថ្ងៃណាមួយជាក់ជាមិនខាន។

ទី២. ការរស់នៅដោយមិនបានថែទាំសុខភាពឲ្យបានល្អ៖ មនុស្សភាគច្រើនតែងតែមិនបានយកចិត្តទុកចិត្តក្នុងការថែរក្សាសុខភាពរបស់ខ្លួន ដោយសារតែទម្លាប់ក្នុងការរស់នៅមួយចំនួនដូចជា​ ការញុាំលើសកម្រិត ការគេងមិនបានគ្រប់គ្រាន់ និងមិនធ្វើលំហាត់ប្រាណដែលជាហេតុធ្វើឲ្យអ្នកមានសុខភាពមិនល្អ និងចុះទ្រុតទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះអ្នកត្រូវកែទម្លាប់ទាំងនេះឡើងវិញប្រសិនបើមិនចង់ស្ដាយក្រោយនោះ។

ទី៣. ការចំនាយពេលវេលាច្រើនក្នុងការធ្វើការ៖​​ ប្រសិនបើអ្នកជាមនុស្សវក់និងការធ្វើការច្រើនហួសកំណត់ អ្នកនឹងក្លាយជាមនុស្សឯកា​មិនមានសូម្បតែមិត្តភក្តិនៅក្បែរខ្លួន ព្រោះតែអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ពួកគេ ដូចនេះអ្នកគួរតែបែងចែកពេលវេលាសម្រាប់ពួកគេខ្លះៗ និងពេលវេលាសម្រាប់ខ្លួនឯងក្នុងការប្រាស័្រយទាក់ទងគ្នា​ ជាពិសេសការថែរក្សា​ចំណងមិត្តភាពរបស់អ្នក ដើម្បីជៀសវាងការស្ដាយក្រោយនៅថ្ងៃមុខ។

ទី៤. មានក្ដីប្រាថ្នាច្រើន តែការខិតខំប្រឹងប្រែងតិចតួច៖ ជាក់ស្ដែងគ្មានភាពជោគជ័យណាដែលកើតឡើងដោយងាយៗនោះទេ ប្រសិនបើយើងមិនខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គដើម្បីសម្រេចវា ផ្ទុយទៅវិញបើអ្នកមានការក្ដីប្រាថ្នាច្រើនតែមិនបានប្រឹងប្រែងដើម្បីសម្រេចវាឲ្យក្លាយជាការពិតនោះ បំណងប្រាថ្នារបស់អ្នកនៅតែជារឿងរវើរវាយ។