ករណីរថយន្តស៊េរីទំនើបម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបុកនារីម្នាក់ជានិស្សិតឆ្នាំទី៤ បណ្តាលឲ្យប៉ើងដូចក្រដាសទៅបោកផ្ទប់នឹងរបងផ្ទះវីឡាស្លាប់ភ្លាមៗនៅនឹងកន្លែង កំពុងត្រូវបានមហាជនជាច្រើនតាមដាន និងចង់ដឹងថា តើនរណាជាម្ចាស់រថយន្តដ៏សាហាវនោះ? បើយោងតាមលិខិតទិញ-លក់រថយន្តបានបញ្ជាក់ថា ម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច មានលេខទូរស័ព្ទ ០១២ ៩១១ ១១១។

ទាក់ទងនឹងករណីនេះផងដែរ ម្ចាស់រថយន្ត Range Rover បង្កហេតុឈ្មោះ យិន ង្គិច បានទូរស័ព្ទទៅកាន់អង្គភាពព័ត៌មាន Fresh News ហើយបាននិយាយថា “ប្រកាសទទួលខុសត្រូវគ្រប់បែបយ៉ាង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះនៅចំពោះមុខសមត្ថកិច្ច និងចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយអះអាងថា នឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”។ លោក យិន ង្គិច បាននិយាយបន្តថា តាមពិតរថយន្តមួយគ្រឿងនេះលោកបានទិញពីកន្លែងលក់រថយន្តមួយកន្លែង នៅទល់មុខក្រសួងផែនការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដែលម្ចាស់ដើមឈ្មោះ សេង ពិទូ បានលក់មកការ៉ាស់ឡានមួយកន្លែងនេះ។ លោកបានទិញកន្លែងលក់រថយន្តនេះ ប៉ុន្តែមិនទាន់បានកាត់ឈ្មោះ៕ ប្រភព៖ FreshNews