ថ្ងៃនេះសពនិស្សិតឆ្នាំទី៤ ត្រូវយកទៅបញ្ចុះហើយ នៅឡើយតែសមត្ថកិច្ចនៅតែមិនអាចចាប់ជនបង្កយកមកផ្តន្ទាទោសបាន
សង្គម March 28, 2019 sovann khmernote

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Range Rover ជិះលឿនដូចហោះទៅបុកនឹងជនរងគ្រោះជិះម៉ូតូអាគុប បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ខណៈដែលនៅរសៀលថ្ងៃទី២៨ ខែមីនា នេះសពជនរងគ្រោះ ឌុំ រីដា នឹងត្រូវយកទៅបញ្ចុះហើយ តែមិនទាន់នៅឃើញមានពន្លឺយុត្តិធម៍សម្រាប់ជនរងគ្រោះនៅឡើយ ពោលគឺសមត្ថកិច្ចពុំទាន់ចាប់បានជនបង្កយកមកផ្តន្ទាទោស។

ជាក់ស្តែងណាស់ មិត្តភក្តិរបស់ជនរងគ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Ren Sokpich បានសរសេរសារយ៉ាងដូចេ្នះថា៖ “គ្រប់គ្នាផ្ញើសាររំលែកទុក្ខឲ្យរីដាបានទៅសុខគតិភព តែថ្ងៃនេះសពរីដាត្រូវយកទៅបញ្ចុះហើយ សមត្ថកិច្ចនៅតែមិនអាចចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់រកយុត្តិធម៌ជូនរីដា។ តើរីដាទៅដោយស្ងប់របៀបណា? អត្តសញ្ញាណជនល្មើសមានអស់ហើយ តែបែរជាឪពុកប្រកាសទទួលខុសត្រូវជំនួសកូន? ទទួលខុសត្រូវរបៀបណាលោក? លោកអាចសងរីដាមកម្តាយគាត់វិញបានទេ? អ្នកខ្លះថា ទឹកចិត្តឪពុកម្តាយបែបហ្នឹងហើយ លោកស្រឡាញ់កូន ចុះម៉ាក់ប៉ារីដាគាត់អត់ចេះស្រឡាញ់កូនគាត់ទេឬ? យកលុយមកដោះស្រាយ យកកូនទៅលាក់ទុក ការពារកំហុសកូន មិនមែនជាការស្រឡាញ់ទេ។

លោកកំពុងតែបំផ្លាញកូនខ្លួនឯង ហើយចរិតយកលុយជាធំបែបនេះហើយ ទើបកូនលោកចរិតពាលមើលងាយអាយុជីវិតអ្នកដទៃ។ រីដាតស៊ូណាស់ទម្រាំបានដូចសព្វថ្ងៃ ជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់គ្រួសារ តែកូនលោកមកឆក់យកអ្វីៗគ្រប់យ៉ាងពីគាត់ទៅ។ ចំណេះដឹង១៧ឆ្នាំ ការលះបង់តស៊ូ និង ក្តីប្រាថ្នាជាច្រើនរបស់រីដា ត្រូវបានកូនលោកឆក់យកទៅគ្រវែងចោលទៅផ្លូវថ្នល់អស់ហើយគ្មានសេសសល់អ្វីឡើយ។ សម្តេចនាយករដ្ឋមន្រ្តីប្រកាសឲ្យចាប់ខ្លួនជនបង្ក តែមកដល់ថ្ងៃនេះសមត្ថកិច្ចកំពុងធ្វើអ្វី? បើចង់ដោះស្រាយមែន ពេលនេះរីដាគួរតែទទួលបានយុត្តិធម៌ហើយ តែជនបង្កពេលនេះប្រហែលនៅក្រៅសុីផឹកដើរលេងធ្វើព្រងើយ ខណៈដែលពួកយើងជាគ្រួសារ ជាមិត្តភក្តិកំពុងយំស្រែកឈឺចាប់ចំពោះការបាត់បង់ដ៏ធំនេះ។ ឬជាល្បិចពន្យាពេលឲ្យរឿងនេះស្ងប់លែងមានអ្នកចាប់អារម្មណ៍ ហើយជនបង្កក៏រួចខ្លួន?? រឿងរីដា ជារឿងរបស់ខ្មែរគ្រប់រូប។ បើអាជ្ញាធរមិនអាចចាប់ខ្លួនជនបង្កពិតប្រាកដមកផ្តន្ទាទោសទេ ពលរដ្ឋខ្មែរអស់ជំនឿនឹងប្រពន្ធ័តុលាការហើយ។ សូមបងប្អូនជួយរកយុត្តិធម៌ជូនរីដាផង”។

គួររំលឹកថាជនរងគ្រោះឈ្មោះ ឌុំ​ រីដា មានស្រុកកំណើតនៅ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាយុវតីមានសមត្ថភាព ជាអតីតសិស្សពូកែខ្មែរទូទាំងប្រទេសឆ្នាំ២០១៤ ជានិស្សិតអារូបករណ៍ឆ្នាំទី៤​ ជំនាញវិទ្យាសាស្ត្រនយោបាយ​ និងទំនាក់ទំនងអន្តរជាតិ​ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន​ នឹងត្រូវទទួលសញ្ញាបត្រ Graduates with high honor ក្នុងរយៈពេល៣ខែ ទៀត។ ជាអកុសលយុវតីរងគ្រោះត្រូវទទួលមរណភាពដោយសារតែការបើកបររបស់ជនបង្ក។ ហើយករណីនេះរហូតដល់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុនសែន បានចេញបញ្ជាឲ្យសមត្ថកិច្ចរកអោយឃើញអ្នកបើកបរ ដែលគ្មានគុណធម៌រូបនោះផងដែរ៕