អ្នកជំនាញបាននិយាយថាជាមធ្យមមនុស្សដើរប្រហែល ២០០ គមក្នុងមួយឆ្នាំ ដូច្នេះហើយការស្វែងរកស្បែកជើងដែលផ្ដល់ភាពងាយស្រួលក្នុងការដើរ និងមិនធ្វើឲ្យខូចជើងរបស់អ្នកពិតជាមានសារៈសំខាន់ណាស់ ជាពិសេសមិត្តៗនារីដែលតែងតែពេញនិយមក្នុងការលេងម៉ូដស្បែកជើង​គួរតែយល់ដឹងឲ្យបានច្រើន។​ យ៉ាងណាមិញថ្ងៃនេះយើងសូមបង្ហាញពីស្បែកជើង ៤ប្រភេទដែលបំផ្លាញសុខភាពជើងរបស់អ្នក ព្រមទាំងរាងកាយទាំងមូលផងដែរ៖

ទី១. ស្បែកជើងកែងចោត៖ ប្រសិនបើអ្នកតែងតែពាក់ជើងកែងចោតជាប្រចាំ វានឹងធ្វើឲ្យសាច់ដុំកំភួនជើងរបស់អ្នកត្រូវកាត់បន្ថយ ១៣% មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យម្រាមជើង និងប្រអប់ជើងរបស់អ្នកមានការឈឺចាប់ រហូតអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងឆ្អឹងខ្នងផងដែរ។

ទី២. ស្បែកជើងខ្ពស់កែងហើយក្រាស់៖ អ្នកប្រាកដជាគិតថាស្បែកជើងដែលមានកែងក្រាស់អាចជួយទប់លំនឹងបានល្អធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដើរ ផ្ទុយទៅវិញស្បែកជើងប្រភេទនេះធ្វើឲ្យជើងរបស់អ្នករឹតតែមានការឈឺចាប់ដោយសារតែកែងក្រាស់ហើយរឹង មិនអាចបត់បែនទៅតាមដំណើរធម្មជាតិនៃការដើររបស់អ្នក។

ទី៣.ស្បែកជើងផ្ទាត់៖ ភាគច្រើនអ្នកគិតថាស្បែកជើងផ្ទាត់ងាយស្រួលក្នុងការពាក់ជាងគេ ប៉ុន្តែនៅពេលអ្នកពាក់ស្បែកជើងនេះ ម្រាមជើងរបស់អ្នកនឹងត្រូវប៉ះទង្កិចជាមួយខ្សែស្បែកជើងយ៉ាងខ្លាំង ដែលធ្វើឲ្យខូចទ្រង់ទ្រាយជើង និងឆ្អឹងរបស់អ្នក។

ទី៤. ស្បែកជើងសម្រាប់ហាត់ប្រាណ៖ មនុស្សមួយចំនួនតែងតែយល់ខុសក្នុងការប្រើប្រាស់ប្រភេទស្បែកជើងប៉ាត់តា ជាមួយនឹងស្បែកជើងសម្រាប់ហាត់ប្រាណ ព្រោះលក្ខណៈពិសេសរបស់វាគឺការបត់បែនបានល្អ និងភាពទន់សម្រាប់តែការរត់ ឬហាត់ប្រាណដោយប្រើរយៈពេលតិចតែប៉ុណ្ណោះ ដូច្នេះហើយវាមិនល្អសម្រាប់ជើងរបស់អ្នកក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃរយៈពេលយូរនោះទេ។