តើអ្នកដឹងទេ? ថ្នាំដុសធ្មេញមិនត្រឹមតែជួយកម្ចាត់នៅបញ្ហាមាត់ធ្មេញតែមួយមុខទេ តែវាផ្ដល់អត្ថប្រយោជន៍បានច្រើនយ៉ាងណាស់ ប្រសិនបើអ្នកដឹងពីរបៀបក្នុងការច្នៃប្រឌិតដូចជា ការសម្អាតសម្ភារៈប្រើប្រាស់ ជំនួសឲ្យឪសថព្យាបាលការរលាកផ្សេងៗ ជាពិសេសមានមុខងារយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ផងដែរ។ ដូច្នេះអ្នកអាចសាកល្បងប្រើប្រាស់តាមវិធីខាងក្រោម៖

ទី១. បំបាត់មុន៖ កម្ចាត់មុននៅលើផ្ទៃមុខបានយ៉ាងងាយ និងឆាប់រហ័ស ដោយគ្រាន់តែយកថ្នាំដុសធ្មេញលាបនៅកន្លែងដែលកើតមុន ទុករយៈពេល ១០ទៅ ១៥នាទីរួចជូតសម្អាតចេញ អនុវត្តបែបនេះពីរថ្ងៃជាប់គ្នា មុនរបស់អ្នក នឹងបាត់អស់គ្មានសល់។

ទី២. បំបាត់បញ្ហាប្រេះបបូរមាត់៖ បបូរមាត់ប្រេះលែងជាបញ្ហាសម្រាប់អ្នកទៀតហើយ ជាមួយនឹងការប្រើប្រាស់ថ្នាំដុសធ្មេញ​ ដោយលាបទៅលើមាត់របស់អ្នកហើយទុករយៈពេល ៥នាទីរួចជូតសម្អាតចេញនោះបបូរមាត់របស់អ្នក នឹងប្រែជាទន់រលោង និងមានពណ៏ក្រហមស្រស់ស្អាតទៀតផង។

ទី៣. សម្អាតដបទឹកដោះគោកូនក្មេង៖ ជាធម្មតាដបទឹកដោះគោរបស់ក្មេងងាយនឹង មានក្លិនមិនល្អ ប្រសិនបើអ្នកទុកចោលយូរថ្ងៃមិនបានសម្អាត​ អ្នកអាចកម្ចាត់ក្លិនទាំងនេះបានដោយគ្រាន់តែច្របាច់ថ្នាំដុសធ្មេញចូលទៅក្នុងដបបន្តិច រួចចាក់ទឺកចូលហើយក្រឡុកឲ្យសព្វ ស្នាមប្រលាក់ និងក្លិនមិនល្អទាំងនោះលែងមានទៀតហើយ។

ទី៤. សម្អាតស្នាមប្រឡាក់នៅជាប់ឆ្នាំងអ៊ុត៖ ស្នាមឆេះដែលជាប់ឆ្នាំងអ៊ុតលែងពិបាកក្នុងការសម្អាតទៀតហើយ ដោយគ្រាន់តែយកថ្នាំដុសធ្មេញលាប ហើយញីលើស្នាមឆេះនោះឲ្យស្អាតអស់ រួចជាការស្រេច។