គន្លឹះសំខាន់ៗ ដែលអ្នកគួរតែយល់ដឹង និងប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ពេលដែលស្នាក់នៅសណ្ឋាគារ
Life Hack April 3, 2019 Chan Sreyny

នៅពេលដែលអ្នកធ្វើដំណើរទៅកំសាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗ​ អ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលផ្ដល់នូវផាសុកភាព ជាពិសេសគឺផ្ដល់នូវសុវត្ថិភាពខ្ពស់ដល់អ្នក ប៉ុន្តែនៅពេលដែលអ្នកមិនសូវស្គាល់អំពីតំបន់ជុំវិញរបស់អ្នក វាអាចធ្វើឱ្យអ្នកងាយរងគ្រោះពីជនមិនល្អដែលកំពុងតែរកមើលប្រយោជន៍អ្នកផងដែរ។ ដូចនេះមុនពេលធ្វើដំណើរទៅទីក្រុង ឬប្រទេសផ្សេងទៀតអ្នកគួរតែគិតអំពីសុវត្ថិភាពរបស់អ្នកជាមុននៅពេលដែលស្នាក់នៅសណ្ឋាគារដោយអាចសាកល្បងវិធីខាងក្រោម៖

ទី១. ដាក់កែវទឹកនៅជាប់គន្លឹះទ្វារ៖ នៅពេលដែលអ្នកស្នាក់នៅសណ្ឋាគារ អ្នកតែងតែមានការព្រួយបារម្ភពីសុវត្ថិភាពនៅពេលដែលអ្នកគេង ដូចនេះអ្នកអាចសាកល្បងយកកែវដាក់នៅគន្លឹះទ្វារ ប្រសិនបើមាននរណាម្នាក់មានបំណងមិនល្អ បើទ្វារចូលបន្ទប់របស់អ្នកកែវ នឹងធ្លាក់បែក ដែលជាសញ្ញាប្រាប់ឲ្យអ្នកបានដឹង។

ទី២. ជ្រើសរើសបន្ទប់ស្នាក់នៅដែលនៅជាន់ទី២ និងទី៤៖ ការជ្រើសរើសបន្ទប់រវាងជាន់ទី២ និងទី៤ ធ្វើឲ្យអ្នកមានហានិភ័យតិចតួចនៅពេលដែលមានបញ្ហាផ្សេងៗ ដែលកើតមានឡើងដូចជា ការប្លន់ ដែលចោរជាធម្មតាតែងតែសម្រុកចូលជាន់ទីមួយ ឬជាន់ក្រោមពីព្រោះងាយស្រួលក្នុងការគេចចេញ។ ជាពិសេសអ្នកក៏មានភាពងាយស្រួលក្នុងការគេចចេញដូចគ្នា នៅពេលដែលមានអាសន្នដូចជា អគ្គីភ័យជាដើម។

ទី៣.កុំនិយាយលឺៗ នៅពេលដែលអ្នក Check in៖ ជាធម្មតានៅពេលដែលអ្នក Check in អ្នកតែងតែប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភ្នាក់ងារបម្រើការរបស់សណ្ឋាគារ ដូចនេះអ្នកមិនគួរនិយាយពីព័ត៌មានទាំងនោះ លឺៗពេកនោះទេ ព្រោះអាចធ្វើឲ្យជនមិនល្អមួយចំនួនបានដឹងហើយ បង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នក តែអ្នកអាចសរសេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដាក់ក្នុងសៀវភៅ ឬក្រូចឲ្យទៅភ្នាក់ងារបម្រើការរបស់សណ្ឋាគារបាន។

ទី៤. បិតចន្លោះតូចនៅលើទ្វារ៖ អ្នកអាចនឹងមិនបានយកចិត្តទុកដាក់ជាមួយនឹង ចន្លោះតូចនៅលើទ្វារបន្ទប់របស់អ្នក តែវាពិតជាងាយធ្វើឲ្យមានគ្រោះថ្នាក់ណាស់សម្រាប់អ្នក ដូចនេះអ្នកអាចយកស្កុតមកបិតនៅចន្លោះតូចនោះ ឲ្យជិតដើម្បីកុំឲ្យអ្នកខាងក្រៅមើលឃើញ និងដឹងពីសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងបន្ទប់។