ក្រោយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បានសម្ពោធប្រើប្រាស់សារជាថ្មីបន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។ គេសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនធំ នៅតែមិនគោរពគំនូសដែលមាននៅលើស្ពាន ជិះនៅលើគន្លងរថយន្ត ពោលគឺមិនបានជិះទៅតាមអ្វីដែលគំនូសបានកំណត់។

ជាក់ស្តែងណាស់ដោយសារតែបងប្អូនមួយចំនួនធំមិនបានគោរពគំនូសសញ្ញា ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់រអិលដួលជាដើម។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យបងប្អូនអ្នកធ្វើដំណើរយ៉ាងដូច្នេះថា៖ “សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅតាមដងផ្លូវស្ពានសាធារណៈ​ ជាក់ស្តែងដូចជានៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទៅ១) ដោយត្រូវគោរពគន្លងធ្វើដំណើរដែលបានកំណត់​រួច រួមមានគន្លងសំរាប់អ្នកធ្វើដំណើរដោយថ្មើរជើង គន្លងសំរាប់ម៉ូតូ និងគន្លងសំរាប់យានជំនិះដទៃទៀត​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ”៕