ជារៀងរាល់ឆ្នាំសហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែងតែធ្វើការដាក់លក់ តុក្កតា ដែលតំណាងឲ្យឆ្នាំថ្មីសិរីមង្គល ជាតួអង្គសំខាន់មួយសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមានការគាំទ្រខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាមិញទោះបីជា ឆ្នាំ២០១៩នេះ មិនមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្តី ប៉ុន្តែសហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅតែបង្ហាញតួអង្គតុក្កតាថ្មី នៅក្នុងឆ្នាំកុរ ឆ្នាំ២០១៩នេះ។

នៅថ្ងៃនេះហ្វេសប៊ុកផេកផ្លូវការ “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta” បានបង្ហោះរូបភាពតុក្កតាឆ្នាំកុរ ដែលមានឈ្មោះ “បងមង្គល” និង “អូនសុភក្រ្ត”។ ដោយបានសរសេរយ៉ាងដូច្នេះថា៖”ខ្ជូតទេ? ចង់បានអ្នកកំដរទេ? ឬចង់បានខ្ញុំ​ ជាអំណោយសម្រាប់មនុស្សសំខាន់របស់អ្នកទេ?​ បេីចង់​ សូមមេត្តាកុំចាំ​ ព្រោះចំនួនខ្ញុំមានកំណត់។ សូមប្រញាប់ទាក់ទងទៅកាន់ទីតាំងរៀបចំសង្រ្កាន្តនៅតាមមូលដ្ឋានរបស់អ្នកដោយផ្ទាល់។ កុំទូរសព្ទណា​! ព្រោះខ្ញុំមិនចង់បង្កេីតស្នេហាតាមទូរសព្ទឡេីយ​។ យ៉ាងណាមិញខាងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនទាន់បញ្ជាក់ពីតម្លៃនៅឡើយ ចំណែក​ឯទីតាំងដែលដាក់លក់តុក្កតា គឺនៅតាមបណ្តាក្រុងខេត្តណាដែលមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត៕