មនុស្សមួយចំនួនតែងតែគិតថាការគេងទាំងសក់សើមអាចជួយឲ្យស្បែកក្បាលត្រជាក់ សក់លូតលាស់បានល្អ ជាពិសេសគេងលក់បានស្កប់ស្កល់ ទន្ទឹមនឹងនេះការគិតរបស់ពួកគេគឺខុសស្រឡះតែម្ដង ព្រោះការគេងទាំងសក់សើមមិនបានជួយឲ្យសក់របស់អ្នកលូតលាស់បានល្អនោះទេ ហើយថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកទៀតផង។ ដូច្នេះថ្ងៃនេះយើងសូមបង្ហាញត្រួសៗពីផលប៉ះពាល់ចំពោះសុខភាព នៅពេលដែលអ្នកគេងទាំងសក់សើម៖

ទី១. ឆាប់កើតជំងឺផ្ដាសាយ៖​ នៅពេលដែលគេងលក់សីតុណ្ហភាពក្នុងខ្លួនរាងកាយរបស់អ្នកនឹងចុះខ្សោយ ដូច្នេះប្រសិនបើអ្នកគេងទាំងសក់សើមញឹកញាប់ នោះនៅពេលអ្នកក្រោកឡើងនៅព្រឹកបន្ទាប់ អ្នកនឹងមានអាការៈហៀរសំបោរ និងឈឺបំពង់កហើយគ្មានកម្លាំងកំហែង ដែលទាំងនេះហើយធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្ដាសាយ។

ទី២. សក់ងាយនឹង ខូច៖​ ចំពោះចំណុចនេះហើយដែលមិត្តនារីៗមានការយល់ខុសជាខ្លាំង នៅពេលដែលអ្នកគេងជាមួយនឹងសក់សើម ទឹកពីសក់របស់អ្នកហួតដូច្នេះហើយស្បែកក្បាលរបស់អ្នកត្រូវបានបន្តចុះត្រជាក់ កាលណាសក់របស់អ្នកត្រជាក់ខ្លាំង ឫសសក់អាចរលាកបានធ្វើឲ្យសក់របស់អ្នក ផុយស្រួយ មិនរឹងមាំ ជាពិសេសជ្រុះខ្លាំងទៀតផង។

ទី៣. បញ្ហាមុន៖​ ប្រសិនបើអ្នកគេងជាមួយសក់សើមជាញឹកញាប់ បញ្ហាមុននឹង តែងតែកើតមាននៅលើផ្ទៃមុខរបស់អ្នករហូត ព្រោះនៅពេលដែលសក់របស់អ្នកសើម វាធ្វើឲ្យខ្នើយកើយរបស់អ្នកសើមដែរ ទាំងនេះហើយដែលបង្កឲ្យកើតមានផ្សិត ឬបាក់តេរីយ៉ាងងាយ ជាប់និងស្បែកមុខរបស់អ្នកដែលបណ្ដាលឲ្យកើតមុន។​

ទី៤.​ មានបញ្ហាអង្គែ៖​ ប្រសិនបើអ្នកកំពុងតែចំណាយលុយទៅលើការប្រើប្រាស់ សាប៊ូកក់សក់ថ្លៃៗ ដើម្បីកម្ចាត់បញ្ហាអង្គែដែលមាននៅលើស្បែកក្បាលរបស់អ្នក វាមិនមានប្រសិទ្ធភាពទេនៅពេលដែលអ្នកគេងទាំងសក់សើម ព្រោះសក់សើមងាយនឹងធ្វើឲ្យស្បែកក្បាលរបស់អ្នក ឆាប់ឡើងប្រេង ហើយសារធាតុរបស់សាប៊ូកក់សក់ដែលអ្នកប្រើក្នុងការកម្ចាត់អង្គែ វាដំណើរការមិនបានល្អ បាត់បង់ប្រសិទ្ធភាពក្នុងការកម្ចាត់ នេះហើយជាមូលហេតុដែលអ្នកតែងតែឆ្ងល់ថាប្រើសាប៊ូថ្លៃប៉ុណ្ណាក៏មិនអាចកម្ចាត់បញ្ហាអង្គែបាន។