កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ អ្នកស្រី ផាត់ ពៅ ជាម្តាយសពជនរងគ្រោះ ឌុំ រីដា ព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិច ដែល ជនបង្ក យិន ម៉ាណា ជាកូនស្រីបានបើករថយន្ដបុក ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ដោយការព្រមព្រៀងទទួលយកសំណងរដ្ឋប្បវេណីនេះ បានធ្វើឡើងនៅការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី ដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ។

ក្រុមមេធាវីស័្មគ្រចិត្តជួយការពាររកយុត្តិធម៍ ក៏មិនទទួលយកប្រាក់កំរៃសេវា ពីគ្រួសារជនរងគ្រោះ និងបានបញ្ជាក់ថា សំណង៧ម៉ឺនដុល្លារ ជាសំណងផ្នែករដ្ឋប្បវេណី ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក យិន ម៉ាណា នៅតែទទួលខុសត្រូវចំពោះមុខច្បាប់ដដែល។ គួររំលឹកថាម្តាយជនរងគ្រោះមានឈ្មោះថា ផាត់ ពៅ បានដាក់ពាក្យបណ្តឹង ប្តឹង កញ្ញា យិន ម៉ាណា ទាមទារសំណង២០ម៉ឺនដុល្លារ និងឱ្យផ្តន្ទាទោសតាមច្បាប់ ចំណែក​ឯយិន ម៉ាណា អ្នកបើករថយន្ត Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បង្កគ្រោះថ្នាក់នោះ ក៏កំពុងតែស្ថិតនៅក្នុងពន្ធនាគារ PJ នៅឡើយ៕