ក្រដាសអាលុយមីញូ៉មភាគច្រើនត្រូវបា​នគេនិយមប្រើប្រាស់វេចខ្ចប់អាហារនៅពេលចម្អិន ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ លើសពីនេះវាមានអត្ថប្រយោជន៍ជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បាន នៅក្នុងរស់នៅប្រចាំថ្ងៃឲ្យកាន់តែមានភាពងាយស្រួលជាងមុន ដូច្នេះអ្នកអាចសាកល្បងវអនុវត្តតាមវិធីខាងក្រោម ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ៖

ទី១. សម្រាប់បិតមាត់ថង់​៖ ប្រសិនបើអ្នកហែកកញ្ចប់របស់ប្រើប្រាស់រួច​ ហើយប្រើមិនអស់អ្នកអាចបិតមាត់ថង់នោះ ដោយគ្រាន់តែយកក្រដាសអាលុយមីញូ៉ម មកកៀបមាត់ថង់ហើយយកឆ្នាំងអ៊ុតមកអ៊ុតពីលើ នោះមាត់ថង់នឹងជិតដូចដើមវិញ ជាពិសេសមិនធ្វើឲ្យខូចគុណភាពដោយសារខ្យល់ចេញចូល។

ទី២.ជួយរក្សាភាពស្រស់របស់ផ្លែឈើ៖ ផ្លែឈើភាគច្រើនអាចទុកបានក្នុងរយៈពេលយូរ តែវាមិនមានភាពស្រស់ល្អដូចដើមទេ ដូចនេះអ្នកអាចសាកល្បងយកក្រដាសអាលុយមីញូ៉ម មករុំនៅទងរបស់ផ្លែឈើ ធ្វើបែបនេះនឹងជួយឲ្យផ្លែឈើរបស់អ្នកទុកបានយូរ ហើយនៅស្រស់ល្អទៀតផង។

ទី៣. សម្រាប់សម្អាតគ្រឿងអលង្ការ៖ នៅពេលដែលអ្នកសម្អាតគ្រឿងអលង្ការម្ដងៗ អ្នកតែងតែមានការព្រួយបារម្ភពីការសឹករិចរឹលមែនទេ អ្នកអាចងាកមកសាកល្បងវិធីនេះបាន ដោយគ្រាន់ខ្ចប់គ្រឿងអលង្ការជាមួយនឹង​ ក្រដាសអាលុយមីញូ៉មហើយដាក់ត្រាំទឹកដែលលាយជាមួយអំបិល ទុករយៈពេលមួយយប់ គ្រឿងអលង្ការរបស់អ្នកនឹងថ្មីឡើងវិញ។

ទី៤. សម្រាប់សម្អាតសម្ភារៈក្នុងផ្ទះបាយ៖ អ្នកអាចយកក្រដាសអាលុយមីញូ៉មមកសម្អាតសម្ភារៈក្នុងផ្ទះបាយ ជំនួសឲ្យការប្រើប្រាស់ប្រដាប់ដុសឆ្នាំង ដោយយកក្រដាសអាលុយមីញូ៉មមកច្របាច់ចូលគ្នា ហើយដុសទៅលើសម្ភារៈដែលប្រឡាក់នោះ នឹងជ្រះស្អាតបានល្អដូចប្រើប្រដាប់ដុសឆ្នាំងដែរ។

ទី៥.​ ជួយឲ្យការអ៊ុតសំលៀកបំពាក់បានត្រង់ល្អ៖ នៅពេលដែលអ្នកអ៊ុតសំលៀកបំពាក់​អ្នកតែងតែក្រឡាស់ ផ្លាស់ប្ដូរខាងមុខ និងខាងក្រោយក្នុងការអ៊ុត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការអ៊ុត អ្នកអាចយកក្រដាសអាលុយមីញូ៉មមកទ្រាប់នៅក្រោមខោអាវរបស់អ្នក នោះនៅពេលដែលអ្នកអ៊ុត វានឹងធ្វើឲ្យខោអាវរបស់អ្នកត្រង់ស្អាតទាំងសងខាងតែម្ដង។