កាលពីពេលថ្មីៗនេះមាននារីម្នាក់ត្រូវគេស្គាល់គណនីហ្វេសប៊ុកឈ្មោះ Rika Minh ជាពលរដ្ឋគំរូម្នាក់បើកបរស្របតាមគំនូសបង្ហាញចរាចរណ៍នៅលើស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) និងទទួលបានសសើរគាំទ្រយ៉ាងខ្លាំង រហូតមានការចុះផ្សាយនៅលើសារព័ត៌មាន។ យ៉ាងណាមិញក្រោយពីទទួលបានការកោតសរសើរបែបនេះ ម្ចាស់គណនីហ្វេសប៊ុក Rika Minh បានសំណូមពរឲ្យអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយអំពីរូបនាង ងាកមកចុះផ្សាយពីគំនូសសញ្ញា។ យុវតីរូបនេះបន្តថាមូលហេតុដែលនាងអាចកំណត់សម្គាល់នូវគំនូសសញ្ញាបានដោយសារតែឃើញការបង្ហោះរបស់វិស្វករម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sopheap Sor។

ដោយយុវតី Rika Minh បានសរសេររៀបរាប់ថា៖ “”គោរពអរគុណដល់គ្រប់គ្នាដែលសរសើរពីការបើកបរ របស់នាងខ្ញុំ និងផុសផ្សាយតាមទំព័រសារព័ត៌មាននានា។ តែនាងខ្ញុំចង់ជម្រាបថាមូលហេតុដែលធ្វើឱ្យខ្ញុំបើកបរបានត្រឹមត្រូវលើគំនូស គឺដោយសារខ្ញុំឃើញការផុសជារឿយៗរបស់បងប្រុស Sopheap Sor នៅលើបណ្តាញសង្គម អាចឱ្យខ្ញុំកំណត់សំគាល់បានពីសញ្ញាគំនូសទាំងនោះ។ នាងខ្ញុំសូមស្នើរសុំឱ្យខាងបងៗសារពត៌មានឈប់ផ្សាយអំពីនាងខ្ញុំ តែងាកមកធ្វើបទយកការណ៍បង្ហាញពីគំនូស របៀបបើកបរជាគំរូនៅលើគំនូសផ្លូវបែងចែកដល់ពលរដ្ឋដែលគាត់មិនទាន់បានយល់ ឱ្យពួកគាត់បានទទួលជ្រាបផង។ វាប្រសើរជាងនាំគ្នាសើចចំអកពួកគាត់ សូមអរគុណ”៕