មុននេះបន្តិច ផ្ទុះការចែករំលែកពេញបណ្តាញសង្គមនូវដំណឹងដ៏គួរឲ្យសោកស្តាយមួយ ដោយលោក រស់ វ៉ាន់​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន ដែល​បាន​បម្រើការ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​ជាម​ន្ត្រី​សម​ភាគី​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ទទួលបន្ទុក​កិច្ចការ​ស្រាវជ្រាវ​ជីវៈចម្រុះ​បានទទួល​មរណភាពហើយ ​នៅ​វេលា​ម៉ោង​១០:២០​ព្រឹក​ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ ក្នុង​ជន្មាយុ ៥៣​ឆ្នាំ ដោយសាររោគាពាធ។ ពិតជាសោកស្តាយ និងក្រៀមក្រំខ្លាំងមែនទែនដោប្រទេសកម្ពុជាយើងបានបាត់បង់ធនធានមនុស្សមួយរូបទៀត។

តែអ្វីដែលរឹតតែឈឺចាប់លើសការសោកស្តាយនោះគឺហាក់ប្រៀបដូចជាមិនសូវមានអ្នករវីរវល់ ដោយពិធីបុណ្យសពប្រព្រឹត្តទៅយ៉ាងស្ងប់ស្ងាត់ ពុំសូវមានអ្នកចូលរួម និងធនធានច្រើននោះឡើយ។ នេះជាហេតុដែលធ្វើឲ្យលោក តាន់ គឹមសួរ បានប្រកាសស្វែងរកជំនួយដើម្បីចូលរួមចូលបុណ្យសពគាត់ ព្រមទាំងជាជំនួយដល់ក្រុមគ្រួសារនៃសពផងដែរ។

លោក តាន់ គឹមសួរ បានសរសេររៀបរាប់ថា «គាត់បានលះបង់ច្រើនណាស់ហើយ ហត់ខ្លាំងណាស់ហើយដើម្បីការពារសត្វព្រៃ និងព្រៃឈើកម្ពុជារបស់យើង ឥឡូវនេះគាត់ដល់ពេលត្រូវសម្រាកហើយអរគុណណាស់ចំពោះការលះបង់របស់បងប្រុស។ សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារបងប្រុសផង! តើពួកយើងអាចចូលរួមម្នាក់បន្តិចបានទេដើម្បីបង្ហាញអំពីការឈឺឆ្អាល? សូមទំនាក់ទំនងទៅបង Sophen Nou ០៩៥ ៧៨ ៩៨ ៨៩/០៩៦ ៨១៤ ២៦ ២៦ គ្រួសារសព ០៨៨ ៥៤ ១២ ២៨។ អរគុណចំពោះការចូលរួមឈឺឆ្អាល៖ លោក Ben Davis= ៤០$ ប្អូនស្រី So Danita= ២០$»៕