ថៃ៖ ថ្មីៗនេះមានករណីម្តាយស្រីវ័យក្មេងឃុំឃាំងកូនទុកចោលក្នុងបន្ទប់រហូតដាច់ពោះស្លាប់ ករណីនេះកើតឡើងនៅក្នុងអាផាតមិនមួយកន្លែង​ នៅតំបន់ Suan Luang ក្រុងបាងកក ប្រទេសថៃ។ ម្តាយវ័យក្មេងមួយរូបបានមកជួលបន្ទប់មួយនៅក្នុងអាផាតមិនដែលមានកម្ពស់៣ជាន់ ដោយម្តាយ និងកូនរូបនេះជួលបន្ទប់នៅជាន់ទី២។ ដើមហេតុគឺប្រហែលពី៣ខែមុន អ្នកជិតខាងជាប់បន្ទប់តែងឮក្មេងយំជារៀងរាល់ថ្ងៃ ដោយបានរាយការណ៍ទៅម្ចាស់ផ្ទះជួល តែគាត់តបថាម្តាយក្មេងនៅជាមួយ ទើបមិនមាននរណាម្នាក់ដេញដោល។

លុះប៉ុន្មានថ្ងៃក្រោយមកនេះ អ្នកជិតខាងជាប់បន្ទប់ម្តាយកូននេះ ធុំក្លិនស្អុយចេញពីបន្ទប់រហូតទ្រាំពុំបាន ក៏បានរាយការណ៍ប្រាប់ម្ចាស់ផ្ទះសារជាថ្មី រហូតដល់ថ្ងៃទី៤ ខែមេសា ទើបសម្រេចចិត្តគាស់ទ្វារចូល ក៏ប្រទះឃើញសាកសពក្មេងស្រីអាយុប្រហែល ១-២ឆ្នាំ ពាក់អាវពណ៌ទឹកក្រូច ដេកស្លាប់យ៉ាងអណោចអធម ដោយមានដបទឹកដោះគោមួយធ្លាក់ក្បែរ ព្រមទាំងកង្ហាមួយដែលបើកចោលផងដែរ។ ដោយភ្លាមៗនោះសមត្ថកិច្ចក៏ចុះមកដល់ទីកន្លែងភ្លាមៗ តាមរយៈការរាយការណ៍ដោយសនិ្នដ្ឋានថាក្មេងស្រីម្នាក់នេះ បានដាច់ពោះស្លាប់ព្រោះតែអត់ឃ្លាន។

សមត្ថកិច្ចបានយកសាកសពទៅពិនិត្យបន្ថែម ហើយក៏ទទួលបានចម្លើយសារភាពពីស្ត្រីជាម្តាយថា ដោយនាងខ្លាចម្តាយឪពុកដឹងថាមានកូន ក៏បានយកក្មេងនេះមកលាក់ទុកចោលដោយបំណងសម្លាប់ខ្លួន ព្រោះតែកូនកើតមកគ្មានឪពុក ពោលគឺនាងត្រូវគេដោះដៃចោល។ ហេតុការណ៍នេះបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំងដោយពុំដឹងថាក្មេងស្រីដែលស្លាប់នេះវេទនាកម្រិតណានោះឡើយមុននឹងស្លាប់៕ ប្រភព៖ Khaosod