អ្នកដែលចូលចិត្តថតរូបប្រាកដជាបានដឹងហើយថាការថតរូបមិនមែនជារឿងងាយស្រួលនោះទេដើម្បីបានរូបថតដែលស្អាតត្រូវចិត្ត ប៉ុន្តែក៏មិនមែនជារឿងពិបាកដែរ ប្រសិនបើអ្នកដឹងពីតិចនិច និងចេះច្នៃប្រឌិតនៅស្ទាយន៍ប្លែកៗក្នុងការថតរូប។ ដូចនេះអ្នកអាចសាកល្បងរៀនតាមតិចនិចខាងក្រោម ដើម្បីបានរូបថតដែលស្អាត ​ប្លែកនិងទាក់ទាញជាងមុន ដោយងាយៗដូចប្រើប្រាស់ខាមេរ៉ាថ្លៃៗផងដែរ៖​

ទី១.ថតជាស្រមោលនៅលើផ្ទៃមុខ​៖ អ្នកអាចថតរូបជាស្រមោលនៅលើផ្ទៃនមុខ បានស្អាតដោយមិនចាំបាច់ចំណាយច្រើនក្នុងការ Out Door ជាមួយនឹង ការប្រើប្រាស់កន្ច្រែងដែលមានប្រលោះតូចៗ នៅក្រោមពន្លឺបន្ទាប់មកធ្វើការបង្វិលចុះឡើងៗ រួចថត អ្នកនឹងទទួលបានរូបថតដ៏ស្រស់ស្អាត។

ទី២. ថតរូបជាមួយ Background ស្អាតៗ៖ Background ស្អាតក៏ជាផ្នែកមួយដែលធ្វើឲ្យរូបថតរបស់អ្នកស្អាតថែមមួយកម្រិតទៀតផងដែរ ដូចនេះនៅពេលថតរូបអ្នកតែងតែជ្រើសរើស Background ដែលស្អាតៗ តែអ្នកអាចសាកល្បងតិចនិកនេះបានដោយគ្រាន់តែយកក្រដាសកាត់ចេញជារូបផ្សេងៗ ដូចជា រូបបេះដូង រូបផ្កាយទៅតាមការចូលចិត្តរបស់អ្នក បន្ទាប់មកដាក់នៅខាងមុខខាមេរ៉ា ជាមួយការតុបតែង Background ដោយអំពូលភ្លើងតូចៗ​ នោះរូបថតដែលអ្នកថតនឹងមាន Background ជារូបផ្សេងៗដែលអ្នកចង់បាន។

ទី៣. ថតឲ្យឃើញរូបច្បាស់៖ ចំពោះវិធីនេះពិតជាល្អឥតខ្ចោះសម្រាប់ការថតវត្ថុតូចៗ ដែលពិបាកក្នុងការថតបានច្បាស់ល្អដោយមិនប្រើប្រាស់ខាមេរ៉ាដែលថ្លៃៗ​ ប៉ុន្តែអ្នកអាចប្រើវិធីបានដោយគ្រាន់តែបន្តក់ទឹកបន្តិចនៅផ្នែកខាមេរ៉ា ហើយថតទៅលើវត្ថុតូចៗទាំងនោះ វានឹងច្បាស់ល្អដូចប្រើខាមេរ៉ាថ្លៃដែរ។

ទី៤.​ ថតរូបនៅក្រោមពន្លឺខ្លាំង៖ នៅពេលដែលអ្នកថតរូបនៅក្រោមកម្ដៅថ្ងៃដែលក្ដៅខ្លាំង វានឹងធ្វើឲ្យមុខរបស់អ្នកមានស្រមោលខ្មៅៗនៅក្នុងរូបថត ដោយសារតែពន្លឺខ្លាំងពេក ដូចនេះអ្នកត្រូវយកក្រដាសសមកបញ្ចាំងឲ្យចំផ្ទៃមុខផ្នែកចំហៀង នោះរូបដែលថតចេញមកនឹងសស្អាតជាងមុនជាមិនខាន។