ករណីរឿងរ៉ាវក្មេងអាយុប្រហែល១ឆ្នាំ ២ឆ្នាំ ត្រូវស្លាប់ដោយម្តាយទុកចោលក្នុងបន្ទប់ហាក់បានធ្វើឲ្យមហាជនជាច្រើនរន្ធត់ចិត្តនិងស្លុតចិត្តជាខ្លាំង។ យ៉ាងណាមិញជារឿងគួរឲ្យសោកស្តាយ ក្រោយពេលដែលក្មេងអភ័ព្វម្នាក់នេះបានបាត់បង់ជីវិតទៅយ៉ាងអណោចអធមបាត់ទៅហើយ ទើបរឿងនេះបែកធ្លាយដឹងឮបង្កការភ្ញាក់ផ្អើលបែបនេះ។ តាមសម្តីការរៀបរាប់របស់អ្នកជិតខាង និងម្ចាស់បន្ទប់បានរៀបរាប់និងប្រាប់ឲ្យដឹងថា ម្ចាស់បន្ទប់នេះគឺជាក្មេងស្រីមាឌតូច អាយុ១៧ឆ្នាំ ដែលមកជួលបន្ទប់របស់គាត់អស់ជាង២ឆ្នាំមកហើយ ដោយនាងមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្តី ទៅណាមកណាក៏តែឯងៗ ស្ងាត់ៗ ដោយបិទម៉ាស់មុខជិតមិនសូវបានឃើញមុខច្បាស់។

ម្ចាស់បន្ទប់ក៏បញ្ជាក់ថានាងជាមនុស្សមិនមាត់មិនក និងមិនដែលបានឃើញរូបនាងពពោះម្តងណាឡើយក្នុងកំឡុងពេលដែលនាងស្នាក់នៅ សូម្បីតែអ្នកដែលរស់នៅអាផាតមិនជាមួយគ្នាក៏មិនដែលដឹងនោះឡើយ ដោយនាងជាមនុស្សមិនសូវរាប់ញាតិជាមួយនរណាម្នាក់ឡើយ ទាំងដែលអ្នករស់នៅទីនេះគឺសុទ្ធសឹងតែរាប់អានគ្នាទៅវិញទៅមក។​ មានគ្រាមួយនោះអ្នកជិតខាងបានឮសម្លេងក្មេងយំ រួចក៏បានសួរ ដោយយុវតីរូបនោះបានតបថានាងមើលវីដេអូទាក់ទងនិងមេរៀន ទើបគ្មានអ្នកដេញដោលទៀត។ ជារៀងរាល់ថ្ងៃគេតែងឃើញនាងចេញចូលជាញឹកញាប់ ទើបតែប្រមាណ២ ទៅ៣សប្តាហ៍នេះប៉ុណ្ណោះ ដែលគេពុំសូវបានឃើញរូបនាង។ តាមការធ្វើកោសល្យវិច័យរបស់ប៉ូលីស និងការសួរចម្លើយ គឺក្មេងម្នាក់នេះបានស្លាប់តាំងពីថ្ងៃទី៣០ ខែមិនា​មកម្ល៉េះ ដោយនាងមិនដែលមកអើតបន្ទប់ទៀតឡើយ។ រហូតដល់មានក្លិនស្អុយទើបធ្វើឲ្យអ្នកជិតខាងសង្ស័យ និងនាំគ្នាគាស់ទ្វាឃើញសពក្មេង និងរាយការណ៍ប្រាប់ប៉ូលីស។

តាមរយៈប្រភពព័ត៌មាន Thairath បាននិយាយថា​ម្តាយវ័យក្មេងរូបនេះបានឆ្លើយប្រាប់ប៉ូលីសថា ក្មេងនោះបានស្លាប់ដោយសារញ៉ាំទឹកដោះគោច្រើនពេក បណ្តាលឲ្យឈ្លក់ស្លាប់ ប៉ុន្តែប៉ូលីសមិនបានជឿនោះឡើយ និងបានសង្ស័យថានាងអាចមិនមែនជាម្តាយពិតប្រាកដរបស់ក្មេងព្រោះមិនមានឯកសារបញ្ជាក់ណាមួយនោះឡើយ។ តែនាងបានអះអាងថានាងពិតជាម្តាយក្មេងដោយនាងបានពរពោះដោយលាក់បាំងភ្នែកគេឯង ព្រោះតែខ្លាចម្តាយឪពុកបង្កើតដឹង ទើបសម្រេចចិត្តមកជួលបន្ទប់ ដោយមិនមានអ្នកដឹង សូម្បីតែពេលកើត ក៏នាងបង្កើតកូនដោយខ្លួនឯង ងូតទឹកលាងក្មេងដោយខ្លួនឯង និងចិញ្ចឹមបីបាច់តែម្នាក់ឯងដោយមិនមានបង្ហើបប្រាប់នរណាម្នាក់ឡើយ។ នាងលាក់រឿងនេះបានយ៉ាងសម្ងាត់បំផុតរហូតរឿងនេះបែកធ្លាយពេលដែលក្មេងស្លាប់។ យ៉ាងណាមិញពេលនេះបាននាំខ្លួននាងចូលសួរចម្លើយ និងចាត់ការតាមវិធានច្បាប់ ចំណែកឯម្ចាស់អាផាតមិនបាននិមន្តព្រះសង្ឃមករំដោះគ្រោះ និងអន្ទងព្រលឹងក្មេងទៅតាមប្រពៃណីសាសនារួចហើយផងដែរ៕ ប្រភព៖ Thairath