តើបងប្អូនធ្លាប់ឆ្ងល់ដែរទេ​ថាគ្រប់ពេលមានកម្មវិធីអ្វីមួយ គេតែងយករបាំត្រុដិមកសម្តែង ជាពិសេសគឺក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរតែម្តង។ តាមរយៈការសិក្សាស្រាវជ្រាវ និងឯកសារដែលបានចងក្រងឡើង របាំត្រុដិ គឺជារបាំមួយដែលមានកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ ប្រៀបដូចជាជនជាតិចិននាំយក របាំម៉ុងសាយ មកដើម្បីសំដែងដេញឧបទ្រព ចង្រៃ ក្នុងពេលចូលឆ្នាំចិនដូចគ្នាដែរ។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ដោយអត្ថន័យនៃរបាំនេះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។ ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែល នេះការដែលគេមិនបាន ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវរបាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខ សោកជាក់ជាពុំខាន នេះជា អត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរ ពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ​ (បណ្តេញ) ពីស្រុកភូមិ នូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។

និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះ គឺសម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់ កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាល របស់ គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈ ពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យ ឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះ ទៅទៀត នោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្ស ក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាពរបស់ពួកគេឡើងវិញ។ ទស្សនៈបែបនេះ ពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ ប្រភព៖ វីគីភាឌាខ្មែរ ប្រភពរូប៖ ហ្វេសប៊ុក