គ្រឿងសម្អាងគឺជារបស់សំខាន់ដែលមនុស្សស្រីគ្រប់រូបខ្វះមិនបាន ទោះបីជាត្រូវចំណាយលុយអស់ច្រើនប៉ុណ្ណាក៏ដោយ ដើម្បីតុបតែងមុខមាត់ឲ្យមានសម្រស់ស្រស់ស្អាតកាន់តែទាក់ទាញថែមមួយកម្រិតទៀត។ យ៉ាងណាមិញអ្នកតែងតែចំណាយលុយរបស់អ្នកមួយផ្នែក ដើម្បីទិញគ្រឿងសម្អាងថ្មីៗនៅពេលដែលប្រើអស់ ប៉ុន្តែពេលខ្លះវាអាចនៅប្រើបាន គ្រាន់តែអ្នកមិនដឹងពីរបៀបច្នៃវាឡើងវិញ ដូចនេះអ្នកអាចសាកល្បងរៀនតាមវិធីខាងក្រោមបានដើម្បីអាចសន្សំលុយរបស់អ្នកបានមួយផ្នែកផងដែរ៖

ទី១. ក្រែម៖ នៅពេលដែលអ្នកប្រើក្រែមជិតអស់ហើយ វានឹងពិបាកប្រើដោយសារតែវាមិនអាចហូតចេញក្រៅបាន តែអ្នកអាចកែខៃជាថ្មីបាន ដោយយកក្រែមពីក្នុងនោះដាក់ចូលទៅក្នុងប្រអប់តូចមួយ បន្ទាប់មកកិន ហើយយកភ្លើងមកដុតពីលើដើម្បីឲ្យរលាយចូលគ្នា​ នោះអ្នកនឹងអាចប្រើវា បានឡើងវិញយ៉ាងងាយស្រួល។

ទី២. Eyeliner៖ ប្រសិនបើ Eyeliner សម្រាប់គូសត្រេភ្នែករបស់អ្នកអស់ទឹក ដោយសារតែពេលខ្លះបើកចោលយូរពេក អ្នកអាចធ្វើការក្រឡាស់បណ្ដូលសម្រាប់គូសរបស់វា​ ដោយយកផ្នែកខាងក្នុងមកដាក់សម្រាប់គូស វានឹងអាចគូសបានឡើងវិញ។

ទី៣. ម្សៅទ្រនាប់៖ អ្នកអាចប្រើប្រាស់ម្សៅទ្រនាប់ដែលនៅសេសសល់បាន ដោយយកបំពង់បឺតមកកាត់ជាពីរផ្នែក រួចយកទៅកៀរម្សៅដែលនៅក្នុងដបមកដាក់កូនក្រឡតូចមួយ រួចជាការស្រេច។​

ទី៤. ទឹកបាញ់មុខ៖ នៅពេលដែលទឹកបាញ់មុខរៀបនឹងអស់​ វានឹងពិបាកក្នុងការបាញ់ដោយចេញតែខ្យល់តែប៉ុណ្ណោះ ដូចនេះអ្នកអាចប្រើវាបានដោយយកកន្រៃ្ត កាត់កន្លែងសម្រាប់បាញ់ រួចចាក់វាចូលដបថ្មី អ្នកនឹងអាចប្រើវាវិញបានយ៉ាងាយ។​