សក់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការពារស្បែកក្បាល ជាពិសេសធ្វើឲ្យសម្រស់របស់អ្នកស្រស់ស្អាតផងដែរ ដូច្នេះហើយមិនថាស្រី ឬប្រុសនោះទេតែងតែចង់បានសក់ដែលស្អាត ហើយក្រាស់មកពីធម្មជាតិ រហូតដល់ពេលខ្លះពួកគេចំណាយលុយអស់ជាច្រើនក្នងការតុបតែង និងថែរក្សាសក់ដោយប្រើប្រាស់វិធីសាស្រ្តទំនើបផ្សេងៗជាដើម។ យ៉ាងណាមិញថ្ងៃនេះយើងសូមបង្ហាញពីវិធីសាស្រ្តបែបធម្មជាតិងាយៗ ដែលជួយឲ្យសក់របស់អ្នកក្រាស់ ទន់ រលោងបែបធម្មជាតិ៖

ទី១. ស៊ុត និងប្រេងដូង៖ ស៊ុតគឺល្អបំផុតក្នុងការផ្តល់នូវប្រូតេអ៊ីនជាច្រើនដែលនឹងធ្វើឱ្យសរសៃសក់របស់អ្នករឹងមាំ និងក្រាស់ ដូចនេះអ្នកត្រូវយកផ្នែកក្រហមរបស់ពងមាន់ ឬក៏ពងទាក៏បាន មួយ ឬពីរគ្រាប់ទៅតាមសក់របស់អ្នក លាយជាមួយប្រេងដូង ១ស្លាបព្រា រួចបន្ថែមទឹក ២ស្លាបព្រា​ បន្ទាប់មកកូរល្បាយទាំងនោះចូលគ្នា​ឲ្យសព្វ លាបលើសក់ដោយទុករយៈពេល ៣០នាទី រួចលាងជម្រះចេញ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់គួរអនុវត្តឲ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្ដាហ៍។

ទី២. ប្រេងអូលីវ និងទឹកឃ្មុំ៖ ប្រេងអូលីវសំបូរទៅដោយវីតាមីនសំខាន់ៗដូចជា A និង E ដែលសរសៃសក់ត្រូវការចាំបាច់ក្នុងការលូតលាស់ អ្នកអាចយកប្រេងអូលីវ កន្លះកូនពែង លាយជាមួយទឹកឃ្មុំ កន្លះកូនពែងដូចគ្នា​ រួចលាបលើសក់ឲ្យសព្វ ទុករយៈពេល ៣០នាទី រួចលាងជម្រះចេញ រួចជាការស្រេច។​

ទី៣. ប្រទាលកន្ទុយក្រពើ៖ ចំពោះវិធីនេះពិតជាងាយស្រួលសម្រាប់អ្នកដែលមិនមានគ្រប់គ្រាន់ ដោយគ្រាន់តែយកសាច់ប្រទាលកន្ទុយក្រពើកិនឲ្យម៉ត់ រួចលាបលើសក់ហើយ​ អប់ទុករយៈពេល ៣០នាទី បន្ទាប់មកលាងជម្រះ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរអនុវត្តឲ្យបានយ៉ាងហោចណាស់ ២ ទៅ ​៣ដងក្នុងមួយសប្ដាហ៍។

ទី៤.ទម្លាប់ថែរក្សាសក់ប្រចាំថ្ងៃរបស់អ្នក៖ ការតុបតែងសក់របស់អ្នកជាមួយនឹង ការកៀប ឬ ផ្លុំញឹកញាប់ពេក វានឹងធ្វើឲ្យសក់របស់អ្នកកាន់តែខូច និងស្ដើងទៅៗ ដូចនេះអ្នកត្រូវកាត់បន្ថយនូវទម្លាប់ទាំងនេះ មួយវិញទៀតអ្នកត្រូវប្រយ័ត្នជាមួយផលិតផលថែរក្សសក់របស់អ្នក ដោយផលិតផលទាំងនោះសំបូរទៅដោយសារធាតុគីមី ដែលធ្វើឲ្យសរសៃសក់របស់អ្នកងាយនឹង ខូច ដូច្នេះអ្នកមិនត្រូវកក់សក់ជារៀងរាល់ថ្ងៃនោះទេ ជាពិសេសកុំផ្លាស់ប្ដូរពណ៌សក់ញឹកញាប់ផងដែរ។