កាលពីថ្មីៗនេះករណីម៉ូតូដួលដោយសារតែជិះខុសគន្លងនៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលទើបសម្ពោធឲ្យប្រើប្រាស់នាពេលថ្មីៗនេះ ហាក់កំពុងតែជាប្រធានបទដ៏ក្តៅគគុកដែលនិយាយចេញពីមាត់មួយទៅមាត់មួយទៀត។ ជុំវិញករណីនេះគេសង្កេតឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ហាក់កំពុងដុតដៃដុតជើងជាខ្លាំងដោយមានចេញសេចក្តីណែនាំបងប្អូនដែលធ្វើដំណើរឲ្យគោរពច្បាប់ចរាចរណ៍ដោយជិះឲ្យត្រូវនឹងគន្លង ព្រមទាំងបានចាត់តាំងប៉ូលីសចរាចរណ៍ឲ្យជួយសម្រួលនិងចង្អុលបង្ហាញផ្លូវផងដែរ។

ទោះបីជាធ្វើបែបនេះទៅហើយក្តី តែវាបានត្រឹមតែកាត់បន្ថយ និងបង្កើនការយល់ដឹងនៃប្រជាពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះ ដោយករណីម៉ូតូដួលរបួសនៅតែមានកើតឡើងជាបន្តបន្ទាប់ដដែល។ ពេលនេះដើម្បីកាត់បន្ថយ និងលុបបំបាត់ទាំងស្រុងចំពោះករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមសាងសង់ ដោយសហការជាមួយបងៗប៉ូលីសចរាចរណ៍ដាំបង្គោលដែកដើម្បីឃាំងបែងចែករវាងផ្លូវម៉ូតូ និងឡានដាច់ពីគ្នាតែម្តង៕