ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ជាក់ស្តែងកាលពីថ្មីៗនេះក្មេងស្រីគួរឲ្យអាណិតពីរនាក់បងប្អូនត្រូវបានឪពុកចុងចិត្តតិរិច្ឆានរំលោភ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃអស់រយៈពេល២ឆ្នាំ រហូតកើតមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

បើតាមប្រភពគណនីហ្វេសប៊ុករបស់អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះឲ្យដឹងទាំងខ្លោចចិត្តថា «ទៀតហេីយមិនដឹងគិតសរសេរថាម៉េចទេ សុំទោសបងប្អូនអ្នកអានដែលនាងខ្ញុំតែងតែបង្ហោះរឿងមិនសប្បាយចិត្តអោយអ្នកមកកេីតទុក្ខជាមួយខ្ញុំដែរ។ តែអ្វីដែលចង់យកមកបង្ហាញនេះគឺ ចង់អោយបងប្អូនប្រុងប្រយ័ត្ន ក្នុងការចិញ្ចឹមកូនអោយបានល្អកុំទុកចិត្តមនុស្សនៅជុំវិញខ្លួនអោយសោះ។ នាងតូចពីរនាក់បងប្អូន អាយុ ១៣ឆ្នាំ និង ម្នាក់ទៀតអាយុ ៨ឆ្នាំ ត្រូវពុកចុងល្មោភកាមរំលោភអស់រយៈពេល២ឆ្នាំមកហេីយ។ ក្នុងពេលដែលម្តាយនាងទៅសុីឈ្នួលរកលុយមកចិញ្ចឹមគ្រួសារ ពេលសួរទៅម្តាយហេតុអ្វីទុកកូនចោល? គាត់បានត្រឹមសម្រក់ទឹកភ្នែកមេីលមុខកូនស្រីទាំងពីរ ដែលកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារពុកចុង វាយធ្វេីទារុណកម្ម មុននឹងរំលោភម្តង។ នាងទាំងពីរបានមកដល់អង្គការយេីងហេីយ តែនាងមានបញ្ហាធ្ងន់ធ្ងរពិសេស ការភ័យខ្លាច និយាយមិនចេញទេ»។

យ៉ាងណាមិញក្រោយពីទទួលបានដំណឹងមួយនេះ មហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរ ព្រមទាំងការខឹងសម្បារចំពោះជនបង្ក ដោយសង្ឃឹមថាផ្លូវច្បាប់នឹងចាត់វិធានការណ៍តឹងរឹងចំពោះជនដែលប្រព្រឹត្តបែបនេះ ដើម្បីលុបបំបាត់ និងកុំឲ្យកើតមានឡើងបន្តទៀត៕