កាលពីថ្ងៃទី៩ ខែមេសា ម្សិលមិញ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេញបណ្តាញសង្គមថៃក្រោយមន្ទីរពេទ្យមួយនៅប្រទេសថៃបានតុបតែងកាយទារកតូចៗដែលទើបនឹងចាប់កំណើតដោយស្លៀកសម្លៀកបំពាក់ប្រពៃណីបានយ៉ាងស្រស់ស្អាត ស្រស់សោភា។ មន្ទីរពេទ្យដែលមានឈ្មោះថា ផ្យាថៃ ស៊្រីរាឆា ដែលស្ថិតនៅតំបន់ ស្រ៊ីរាឆា ខេត្ត ឈុនបុរី ប្រទេសថៃ នៅជាន់ទី៧ ដែលជាជាន់សម្ភព ឬជាន់សម្រាប់ស្ត្រីធ្វើការសម្រាលកូន ធ្លាប់បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងលាន់មាត់សរសើរមិនដាច់ពីមាត់ម្តងរួចមកហើយ ដោយជារៀងរាល់រដូវកាលពិសេសៗ ឬបុណ្យធំ នៅទីនេះគឺតែងមានការតុបតែងខ្លួនជូនទារក និងអ្នកគ្រូ លោកគ្រូពេទ្យផងដែរ។

នាយផេដថាណាឃុម មេនថាណានុម ដែលជាអ្នកគ្រប់គ្រងមន្ទីរពេទ្យមួយនេះបាននិយាយប្រាប់ពីមូលហេតុដែលលោកជ្រើសរើសការស្លៀកសំលៀកបំពាក់ជូនក្មេងតាមរដូវកាលនេះឡើងមកថា គឺលោកចង់ឲ្យក្មេងៗដែលទើបនឹងកើតទទួលបាននូវសិរីសួស្តី ដែលខ្លួនបានកើតមកក្នុងរដូវកាលបុណ្យទានពិសេសៗ ជាមួយនឹងការច្នៃប្រឌិតថ្មីប្លែកមួយដែលអាចផ្សព្វផ្សាយទាំងវប្បធម៌ថៃ រួមបញ្ចូលនឹងបរទេស ព្រមទាំងការទាក់ទាញចំពោះមន្ទីរពេទ្យផងដែរ។ ចំពោះឪពុកម្តាយរបស់ក្មេងៗដែលទើបនឹងកើតទាំងនេះក៏បាននិយាយបង្ហាញពីអារម្មណ៍រំភើបនឹងសប្បាយចិត្តផងដែរ ដោយវាពិតជាទទួលបានអារម្មណ៍ប្លែកនិងស្រស់ស្រាយ ជាពិសេសពេលដែលខាងមន្ទីរពេទ្យយកចិត្តទុកដាក់មើលថែ ថែមទាំងតុបតែងជូនខ្លួនបែបនេះ៕ ប្រភព៖ Thairath