ស្រីៗភាគច្រើនតែងតែយកកៅស៊ូ ឬខ្សែចងសក់មកតុបតែងលំអសក់ មិនតែប៉ុណ្ណោះសម្រាប់ពេលបច្ចុប្បយើងតែងតែសង្កេតឃើញថាពួកគេច្នៃប្រឌិតនូវស្ទាយថ្មី ដោយយកខ្សែចងសក់រុំនៅកដៃ ពីព្រោះ​វា​ងាយស្រួល​នៅ​ពេល​ពួក​គេ​ត្រូវការ​យក​វា​មក​ចង​សក់ និងមើលទៅទាក់ទាញម្យ៉ាង។ ក្រៅពីនេះវាមានគុណសម្បត្តិជាច្រើនទៀតក្នុងការច្នៃប្រឌិត តោះរៀនសាកល្បងច្នៃប្រឌិត​តាមវិធីងាយៗខាងក្រោម៖

ទី១.​ ធ្វើ Brace ធ្មេញក្លែងក្លាយ៖ ការពុតធ្មេញនាពេលបច្ចុប្បន្នហាក់ពេញនិយមខ្លាំង ព្រោះវាធ្វើឲ្យធ្មេញមានទម្រង់ស្អាតប៉ុន្តែវាក៏បង្កការឈឺចាប់មិនតិចដែរ ប្រសិនបើអ្នកចង់ឲ្យធ្មេញរបស់អ្នកដូចកំពុងពុតធ្មេញ អ្នកអាចយកសន្ទះក្រវិលផ្នែកខាងក្រោយមក ភ្ជាប់ជាមួយកៅស៊ូចងសក់ ហើយពាក់នៅលើធ្មេញរបស់អ្នក វានឹងមើលទៅដូចអ្នកពុតធ្មេញពិតៗ។

ទី២. ធ្វើឧបករណ៍ហាលជក់ផាត់មុខ៖ នៅពេលអ្នកលាងសម្អាតជក់ផាត់មុខរបស់អ្នកម្ដងៗ ពិបាកក្នុងការហាលមែនទេ ដូចនេះអាចសាកល្បងយកកៅស៊ូចងសក់មកចងភ្ជាប់ជក់ផាត់មុខ និងប្រដាប់ហាលខោអាវ ធ្វើបែបនេះជក់របស់អ្នកនឹងឆាប់ស្ងួត។

ទី៣. សម្រាប់ប្រើជាមួយដបស្រាក្រហម៖ ពេលចាក់ស្រាក្រហមម្ដងៗ អ្នកនឹងឃើញស្នាមប្រលាក់នូវលើកម្រាលតុដែលបណ្ដាលមកពីការហៀរចេញពីមាត់ដបនៅពេលចាក់ តែអ្នកអាចដោះស្រាយវាបានជាមួយការប្រើប្រាស់ខ្សែចងសក់ ដោយគ្រាន់តែយកវាមកចងនៅមាត់ដប រួចជាការស្រេច។

ទី៤. សម្រាប់ជួសជុលស្បែកជើងដែលដាច់ ៖ ប្រសិនបើស្បែកជើងផ្ទាត់របស់អ្នកដាច់ អ្នកអាចយកខ្សែចងសក់មកចងនៅបាតស្បែកជើង ពីចំណុចលើទៅចំណុចខាងក្រោមពីរ​របស់ស្បែកជើង វានឹងអាចប្រើបានដូចដើមវិញ។

ទី៥. សម្រាប់ហាលខោអាវ៖ នៅពេលដែលហាលអាវប្រភេទដៃតូចម្ដងៗ វានឹងជ្រុះប្រសិនបើប្រដាប់ហាលអាវមិនមានគន្លាក់ តែអ្នកអាចយកខ្សែចងសក់មករុំ ប្រដាប់ហាលខោអាវរបស់អ្នកទាំងសងខាង នោះវរបស់អ្នកនឹងលែងជ្រុះចេញទៀតហើយ។