ករណីបុរសវ័យចំណាស់ម្នាក់បើករថយន្តទំនើបស្លាកលេខ ភ្នំពេញ 2AR 3386 ចុះពីលើរថយន្តរបស់ខ្លួនមកទះកំភ្លៀងស្ត្រីរងគ្រោះ មួយដៃពេញទំហឹងរហូតធ្វើអោយស្ត្រីរងគ្រោះដាច់ផ្ងារទៅក្រោយ ដោយសារតែខឹងស្ត្រីរងគ្រោះស្តីអោយថា បើកឡានលឿនប្រញាប់ទៅណា វិះនឹងបុកគាត់ទៅហើយ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពេលដែលបងស្រីរបស់ជនរងគ្រោះបានបង្ហោះវីដេអូបង្ហាញនូវវីដេអូដែលបានកើតឡើង ព្រមទាំងសុំឲ្យជួយស្វែងរកយុត្តិធម៌។

ក្រោយពេលបានទទួលព័ត៌មានពាក់ព័ន្ធការប្រើអំពើហិង្សានេះ នៅថ្ងៃទី១១ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល កំណត់អត្តសញ្ញាណបានហើយ ហើយឈានទៅឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។ គួររំលឹកថាករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ៕