ក្រោយពេលដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណ បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល។ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានឃាត់ខ្លួនជនបង្កហិង្សាបានហើយ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

គួររំលឹកថារថយន្តទំនើបស្លាកលេខ ភ្នំពេញ 2AR 3386 ដែលជនសង្ស័យបើកនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ហើយក្រុមហ៊ុនក៏បានសហការណ៍ជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យមកទទួលទោសកំហុសដែលខ្លួនបានប្រព្រឹត្ត នៅឯកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕