មនុស្សប្រុសដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងសង្ហាមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើការស្លៀកពាក់ជាមួយនឹង ការតុបតែងខ្លួនរបស់ពួកគេមើលទៅមិនទាក់ទាញ។​ យ៉ាងណាមិញការស្លៀកពាក់ គឺជាកត្តាដ៏សំខាន់មួយដែលជួយឲ្យអ្នកមានភាពទាក់ទាញ​ និងបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នកផងដែរ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីរបៀបក្នុងការស្លៀកពាក់ដែលធ្វើឲ្យអ្នកកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត៖

ទី១. អាវយឺត និងខោ​​ខាប៊យ៖ ការស្លៀកពាក់បែបនេះមើលទៅអាចនឹង សាមញ្ញតែមានភាពទាក់ទាញណាស់ដោយអ្នកគ្រាន់តែជ្រើសរើសជាមួយប្រភេទអាវយឺត និងខោខាប៊យ ដែលមានពណ៌ខ្មៅ ឬខៀវជាមួយគ្នា រួមផ្សំជាមួយការលេងម៉ូដសក់បន្តិច អ្នកនឹងមើលទៅសង្ហា ហើយទាក់ទាញជាងមុន។

ទី២. អាវ តឺនុយជាមួយខោខាប៊យ៖ នៅពេលដែលអ្នកជ្រើសរើសការស្លៀកពាក់ អាវយឺតធម្មតា​ អាវយឺតប៉ូឡូ ឬអាវសាច់ក្រណាត់ ជាមួយប្រភេទខោខាប៊យ អ្នកគួរតែតឺនុយអាវទាំងនោះ ព្រោះធ្វើឲ្យអ្នកមើលទៅសង្ហា និងទាន់សម័យផងដែរ។

ទី៣. ជ្រើសរើសប្រភេទកអាវ តាមទម្រង់មុខរបស់អ្នក៖ ប្រសិនបើអ្នកចូលចិត្តក្នុងការពាក់អាវយឺត អ្នកគួរតែជ្រើសរើសប្រភេទកអាវណា ដែលសាកសមនិងទម្រង់មុខរបស់អ្នក ដូចជាទម្រង់មុខដែលធំ គួរជ្រើសរើសអាវយឺតបើកក សម្រាប់ប្រភេទទម្រង់មុខវែង ថ្គាមខ្លា សាកសមជាមួយនឹង អាវដែលមានកស្រួច ហើយទម្រង់មុខដែលរាងមូល បែបពងក្រពើ គួរតែជ្រើសរើសអាវដែលមានកមូល ហើយខិតលើបន្តិច វានឹងមើលទៅស្រស់ស្អាត ហើយទាន់សម័យទៀតផង។​

ទី៤.អាវក្រៅធំ៖ ចំពោះការតុបតែងខ្លួនជាមួយ អាវក្រៅធំធ្វើឲ្យអ្នកកាន់តែសង្ហា ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសមិនបានត្រឹមត្រូវជាមួយរូបរាងរបស់អ្នក វាមើលទៅមិនសាកសមជាមួយអាវប្រភេទនេះទេ ដូច្នេះប្រសិនបើអ្នកមានកម្ពស់រាងទាប គួរជ្រើសយកអាវធំដែលមានលេវមួយ ហើយអ្នកដែលមានកម្ពស់ល្មម សាកសមជាមួយ អាវធំដែលមានលេវពីរ និងសម្រាប់អ្នកដែលមានកម្ពស់ខ្ពស់ គួរតែជ្រើសយកអាវធំ ដែលមានលេវ៣។